ភ្នំពេញ៖ លោក ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជានាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នេះបានដឹកនាំក្រុមគណៈប្រតិភូ អគ្គលេខាធិការ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីឡើងភ្នំកម្ពុជាចំនួន ៧នាក់ ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកយុវជនពិភពលោកឆ្នាំ២០២៤ (IFSC Youth World Championships 2024) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន។
លោក ឡាំង អូណា បានមានប្រសាសន៍នៅអាកាសយន្តអន្តរជាតិភ្នំពេញថា ថ្ងៃនេះសហព័ន្ធបានបញ្ជូនក្រុមគណៈប្រតិភូ អគ្គលេខាធិការ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីឡើងភ្នំកម្ពុជាចំនួន ៧នាក់ ក្នុងនោះមានកីឡាករ ២នាក់ និងកីឡាការិនី ២នាក់ ទៅចូលរួម IFSC Youth World Championships 2024 នៅសាធារណរដ្ឋប្រជាមានិតចិន ដែលជាព្រឹត្តិការណ៍យុវជនស្ថិតក្រោមអាយុ ២០ឆ្នាំ។


លោកប្រធានបានបន្តថា ការប្រកួតកម្រិតពិភពលោកបែបនេះជាលើកទី២ ហើយសម្រាប់សហព័ន្ធ ហើយកាលលើកទី១ ប្រព្រឹត្តិទៅនៅប្រទេសអ៊ីលីតា នាឆ្នាំ២០២៣ មានក្រុមអត្តពលិកតែ ២នាក់។ ការប្រកួតនៅប្រទេសចិនលើកនេះសហព័ន្ធអាចបញ្ជូនកីឡាករ-កីឡាការិនីឡើងភ្នំកម្ពុជា ៤នាក់ ដោយសារសហព័ន្ធទទួលបានការឧបត្ថម្ភពីបណ្តាលអ្នកគាំទ្រ និងថ្នាក់ដឹកនាំ ទើបធ្វើឲ្យសហព័ន្ធមានលទ្ធភាពបញ្ជូនក្រុមអត្តពលិកបានច្រើននាក់។


សព្វថ្ងៃនេះសហព័ន្ធក៏បានទទួលថវិកាឧបត្ថម្ភប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡាដែលជាផ្នែកមួយក្នុងការជួយអភិឌ្ឍនវិស័យកីឡាឡើងកម្ពុជាដែរ។ ការអភិឌ្ឍន៍ក្រុមកីឡាករ-កីឡាការិនីថ្នាលនេះ លោកត្រូវការច្រើនទំាងថវិកា និងពេលវេលា ដែលជារួមចំណែកដ៏សំខាន់របស់សហព័ន្ធនាពេលបច្ចុប្បន្ននេះ។


លោក ឡាំង អូណា បានបញ្ជាក់ថា ការប្រកួតលើកនេះជាកម្រិតពិភពលោក ទោះបីលោកដឹងថា កម្រិតបច្ចេកទេសនៅឆ្ងាយពីក្រុមអត្តពលិកក៏ពិតមែន ប៉ុន្តែក្រុមអត្តពលិកឡើងភ្នំកម្ពុជានឹងព្យាយាមប្រកួតឲ្យអស់ពីសមត្ថភាព ហើយអ្វីដែលសំខាន់បំផុត គឺត្រៀមខ្លួនការប្រកួតកីឡា SEA GAMES 2025 នៅប្រទេសថៃ។ សម្រាប់គោលដៅធំបំផុតរបស់សហព័ន្ធនោះ គឺចង់ឲ្យក្រុមអត្តពលិកឡើងភ្នំកម្ពុជាឆ្លងកាត់ប្រកួតកម្រិតអន្តរជាតិឲ្យបានច្រើនដើម្បីទទួលយកបទសោធន៍ និងជាការស្ទាប់ស្ទង់សមត្ថភាពខ្លួនឯងទៀតផង៕
ដោយ៖ លី ភីលីព
