ភ្នំពេញ ៖ ឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាកិត្តិយស ប្រគល់សញ្ញាបត្រខ្មៅ កម្រិតពិភពលោកដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីរបស់ខ្លួន បន្ទាប់ពីការខិតខំសិក្សា និងហ្វឹកហាត់កន្លងមកនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។

ក្នុងឱកាសនេះ លោកប្រធានក៏បាន ប្រគល់លិខិត សរសើរជូនក្រុមគណៈ កីឡាករ-កីឡាការិនី ហាប់គីដូ ដែលដណ្តើម បានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធនៃព្រឹត្តិការណ៍ ការប្រកួតកីឡាហាប់គីដូជើងឯកពិភពលោក (World I.H.F Hapkido Championships 2024) ប្រទេសថៃ នៅថ្ងៃទី១ ដល់ ៤ ខែសីហា ឆ្នាំ២០២៤ ។ កម្ពុជានឹងបញ្ជូនកីឡាករ ១១នាក់ កីឡាការិនី ៨នាក់ និងប្រតិភូ គ្រូបង្វឹក សរុប ២៤នាក់ ។

ឧកញ៉ា សៅ សេងហាក់ បានមានប្រសាសន៍ថា ក្នុងនាមប្រធានសហព័ន្ធ សូមវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមគណៈប្រភូតិ គ្រូបង្វឹក និងកីឡាករ-កីឡាការីនី ដែលបានដណ្តើមមេដាយ នៃព្រឹត្តិការណ៍ការប្រកួតកី ឡាហាប់គីដូជើងឯកពិភពលោក (World I.H.F Hapkido Championships 2024) ប្រទេសថៃ ។ លទ្ធផលទំាងនេះជាការខិតខំប្រឹង ប្រែងកីឡាករ-កីឡាការីនីហាប់គីដូកម្ពុជា ហើយក៏ជាការប្រកួតលើដំបូង សម្រាប់លើកអន្តរជាតិដែរ ។

លោកប្រធាន បានបន្តថា កាលឆ្នាំ២០២៣ សហព័ន្ធបានរៀបចំ ការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៣ទទួលបានជោគជ័យ និងទទួលបានសរសើរ ពីអគ្គនាយកដ្ឋានកីឡា ។ ការប្រកួតនេះមានក្លិបកីឡាហាប់គីដូចំនួន ៥ ក្លិបរួមមានសមាគមកីឡាហាប់គីដូ ក្រសួងមហាផ្ទៃ ក្លិបកីឡាហាប់គីដូ អូឡាំពិក ក្លិបកីឡាហាប់គីដូ ឥន្ទ្រីយ៍ ក្លិបកីឡា ហាប់គីដូ ម៉ាស្ទរសេង និងក្លិបកីឡាហាប់គីដូធីណា ដែលមានកីឡាករ-កីឡាការិនីជិត៨០ នាក់ ចូលរួមលើកដំបូង ។

លោក គង់ ចាន់ណាទី អគ្គលេខាធិការ សហព័ន្ធបាន និយាយាថា សហព័ន្ធខ្មែរកីឡាហាប់គីដូ បានរៀបចំពិធីសញ្ញាបត្រខ្មៅ កម្រិតពិភពលោកដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីរបស់ខ្លួន ក្នុងនោះលិខិតបញ្ជាក់៧នាក់ វិញ្ញាបនបត្រ៦នាក់ ខ្សែក្រវាត់ខ្មៅ២ ជាន់ចំនួន១នាក់សញ្ញាបត្រសហព័ន្ធ សញ្ញាបត្រខ្សែក្រវាត់ ខ្មៅសមាគមហាប់គីដូពិភពលោក ខ្សែក្រវាត់ខ្មៅ ១ ជាន់ ៤នាក់ ខ្សែក្រវាត់ខ្មៅ ២ ជាន់២នាក់ ខ្សែក្រវាត់ខ្មៅ៣ជាន់៣នាក់ និងខ្សែក្រវាត់ខ្មៅ៦ជាន់ចំនួន១នាក់៕



