ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំ របស់ព័រទុយហ្គាល់ កំពុងតែមានភាពសប្បាយរីករាយជាមួយ នឹងអាជីពដ៏អស្ចារ្យរបស់គេ និងកំពុងតែប្រកបអាជីពនៅក្នុងក្រុម Al Nassr ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។ និយាយពីរឿងជម្រើសជាតិគេមិនទាន់ប្រកាសថាចូលនិវត្តន៍នៅឡើយទេ ហើយគេក៏គ្មានគម្រោងប្រកាសព័ត៌មាននេះជាផ្លូវការនោះដែរ។
ក្នុងបទសម្ភាសន៍មួយជាមួយ ទូរទស្សន៍របស់ព័រទុយហ្គាល់ Ronaldo បាននិយាយពីរឿងចូលនិវត្តន៍ពីជម្រើសជាតិថា វានឹងមានភាពខុសប្លែក និងធ្វើឲ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលតែម្ដង។ «ពេលខ្ញុំចាកចេញពីជម្រើសជាតិ ខ្ញុំនឹងមិនប្រាប់អ្នកណាម្នាក់ឲ្យដឹងឡើយ។ វាជាការសម្រេចចិត្តរបស់ខ្ញុំ»។ នេះជាការបញ្ជាក់របស់ Ronaldo ។
ការនិយាយបែបនេះបន្ទាប់ពីអ្នកគាំទ្រជាច្រើនបានប៉ាន់ស្មានថាម្ចាស់ពាន Ballon D’Or ៥សម័យកាលរូបនេះនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ បន្ទាប់ពីគេខកខានមិនអាចរកគ្រាប់បាល់បានកាល EURO 2024 និងធ្លាក់ចេញពីនៅត្រឹមវគ្គ១/៤ផ្ដាច់ព្រ័ត្រ ៕