ទីក្រុងប៉ារីស៖នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានប្រាប់ឲ្យដឹងថា នាង Yulia Vavilova វ័យ ២៤ ឆ្នាំមានសម្រស់ស្អាតដែលអមដំណើរជាមួយស្ថាបនិក Telegram លោក Pavel Durov ទៅកាន់ប្រទេសបារាំង ត្រូវបានប៉ូលីសក្នុងតំបន់ឃាត់ខ្លួនរួមជាមួយសហគ្រិនរុស្ស៊ីនេះដែរ យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។
សារព័ត៌មានជាច្រើនបានអះអាងថា នាង Vavilova ដែលពណ៌នាខ្លួនឯងថា ជាគ្រូបង្វឹកគ្រីបតូ និងជាអ្នកផ្សាយពីទីក្រុងឌូបៃ ត្រូវបានគេប្រទះឃើញជាមួយលោក Durov ជាច្រើនលើក ហើយបាននៅលើយន្តហោះឯកជនជាមួយលោកនៅពេលពួកគេចុះចតនៅទីក្រុងប៉ារីស។
មហាសេដ្ឋីបច្ចេកវិទ្យារុស្ស៊ី ដែលក៏ជាពលរដ្ឋនៃប្រទេសបារាំង អារ៉ាប់រួម និង Saint Kitts និង Nevis ត្រូវបានចាប់ខ្លួន បន្ទាប់ពីយន្តហោះឯកជនរបស់លោកបានចុះចតនៅអាកាសយានដ្ឋាន Paris-Le Bourget កាលពីថ្ងៃសៅរ៍។ លោក ត្រូវរាយការណ៍ថា ត្រូវបានចោទប្រកាន់ពីបទបរាជ័យក្នុងការទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មនៅលើវេទិការបស់លោក។
លោក Durov និងនាង Vavilova មិនបានបង្ហាញពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈនោះឡើយ ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញខ្លួនជាញឹកញាប់របស់ពួកគេជាមួយគ្នាបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ។ ការបង្ហោះរបស់នាង Vavilova នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា ថ្មីៗនេះនាងស្ថិតនៅក្នុងប្រទេសតែមួយក្នុងពេលដំណាលគ្នាជាមួយស្ថាបនិក Telegram រួមមាន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងអាស៊ែបៃហ្សង់។
ស្ត្រីដែលមានអ្នកតាមដានច្រើនជាង ២២,០០០នាក់នៅលើ Instagram ក៏បានបង្ហោះរឿងរ៉ាវពីអ្វីដែលគេជឿថា ជាយន្តហោះឯកជនរបស់លោក Durov រួមជាមួយនឹងរូបភាពជាច្រើនសន្លឹក នៅពេលនាងត្រូវបានគេរាយការណ៍ថា បានរួមគ្នាជាមួយសហគ្រិននៅទីក្រុងប៉ារីស៕