ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា តំណាងឲ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមមហាសន្និបាត បញ្ចប់អាណត្តិទី៩ បន្តអាណត្តិទី១០ ប្រចាំឆ្នាំ ២០២៤-២០២៨ សហព័ន្ធកីឡាការ៉ាតេកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

មហាសន្និបាត បញ្ចប់អាណត្តិទី៩ បន្តអាណត្តិទី១០ ប្រចាំឆ្នាំ២០២៤-២០២៨ ក្លិបកីឡាការ៉េតេចំនួន៤៥ បានធ្វើការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន អគ្គលេខាធិការដែលមានបេក្ខជនចំនួន ២៣រូប ដូចអាណត្តិទី៩ដែរ។ ក្នុងនោះការបោះឆ្នោតមាន ៤៤សំឡេង បានយល់ព្រមរក្សាសមាសភាពចាស់ដដែល ប៉ុន្តែមានមួយសំឡេងអនុមាទ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា បច្ចុប្បន្នសហព័ន្ធកីឡាការ៉ាតេកម្ពុជាមានក្លិបចំនួន៤៦ ដែលមានកីឡាករ-កីឡាការិនីជិត១០០០នាក់រួមមានខេត្តបាត់ដំបង សៀបរាម កំពង់សោម កណ្តាល ភ្នំពេញ និង៣ក្រសួង គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងចៅក្រមអាជ្ញាកណ្តាល កម្រិតអន្តរជាតិចំនួន៤នាក់។


សម្រាប់ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នាឆ្នាំ២០២៣ ប្រព្រឹត្តនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កីឡាការ៉ាតេដណ្តើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធគួរឲ្យកត់សម្គាល់ ដោយលោកបានឃើញមើលសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជាទាំងកម្លាំងកាយទាំងបច្ចេកទេសល្អប្រសើរ៕
ដោយ៖ លី ភីលីព
