គ្រូបង្វឹកថ្មីរបស់អង់គ្លេសលោក Lee Carsley នឹងប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិស្ថិតក្រោមការសម្រេចចិត្តរបស់លោកនាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នកាលពីដើមខែសីហា។
វាជាការប្រមូលផ្ដុំលើកទី១ ឡើងវិញបន្ទាប់ពីពួកគេត្រូវបានរំសាយក្រោយចាញ់អេស្ប៉ាញនៅ EURO 2024 ២-១នៅវគ្គផ្ដាច់ព្រ័ត្រ។ វាជាការប្រមូលផ្ដុំលើកទី១ផងដែរក្នុងរយៈពេល៨ឆ្នាំមកនេះ ដែលមិនស្ថិតក្រោមការសម្រេចចិត្តរបស់លោក Gareth Southgate អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសដែលបានប្រកាសលាលែងក្រោយពេលចប់ EURO 2024 ។
បុរសវ័យ៥០ឆ្នាំបាននិយាយថា វាជាការជ្រើសរើសមួយដ៏សំខាន់ ដែលស្ថិតក្រោមការសម្រេចចិត្តរបស់លោកលើកដំបូង ក្នុងការត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍ Nations League ទល់ក្រុមសាធារណរដ្ឋអៀរឡង់ និងហ្វាំងឡង់នៅខែក្រោយនេះ ។
អង់គ្លេសមិនដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Nations League ទេ ខណៈដែលពួកគេស្ថិតក្នុងក្រុម B ប៉ុន្តែលើកនេះពួកគេសង្ឃឹមថា នឹងអាចក្រសោបបានកំពូលតារាងក្នុងក្រុម B នេះ។ អង់គ្លេសក៏នឹងចាប់ផ្ដើមយុទ្ធនាការជម្រុះ World Cup នាឆ្នាំក្រោយផងដែរ ដូច្នេះការប្រមូលផ្ដុំលើកនេះគឺជារឿងចាំបាច់ខ្លាំងមែនទែន ដើម្បីសិក្សាពីកីឡាករ និងការអភិវឌ្ឍន៍ក្រុមជម្រើសជាតិរបស់ខ្លួន៕