កីឡា

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖​ សមិទ្ធផលជាច្រើន កើតចេញពីឯកភាព និងសាមគ្គីភាពផ្ទៃក្នុង ដ៏រឹងមាំក្នុងមហាគ្រួសារ កីឡាការ៉ាតេកម្ពុជា

ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាននៅតែបន្តដឹកនាំសហព័ន្ធកីឡា ការ៉ាតេកម្ពុជា អាណត្តិទី១០ ប្រចាំឆ្នាំ២០២៤-២០២៨ បានមានប្រសសាសន៍ថា តាងនាមឲ្យសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ក្នុងអាណត្តិទី៩ ក្នុងការដណ្តើមមេដាយ សរុបបានចំនួន ៥៥ ដាយមាស ៤ ប្រាក់ ១១ និងសំរិទ្ធ ៤០ គ្រឿង ។

លោកអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា លទ្ធផលល្អជាផ្លែផ្កានានា គួរជាទីមោទនៈបានកើតចេញពីឯកភាព និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំក្នុងការដឹកនាំ និងការគ្រប់គ្រងប្រកប ដោយប្រសិទ្ធភាព របស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេកម្ពុជា គួបផ្សំនឹងកិច្ចសហការស្អិតល្មួត ក្នុងចំណោមមហាគ្រួសារ កីឡាការ៉ាតេកម្ពុជា ។ ទន្ទឹមនេះ ការតស៊ូព្យាយាម និងភាពអត់ធ្មត់ដោយលះបង់នូវកម្លាំងកាយ-ចិត្តតាមរយៈការប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ របស់កីឡាករ- កីឡាការិនី ក្រោមការយកចិត្តទុកដាក់ របស់គ្រូបង្វឹក បានធ្វើឲ្យកម្រិតគុណផលកីឡា ព្រមទាំង កម្រិតបច្ចេកទេស ជំនាញនាប៉ុន្មាន ឆ្នាំចុងក្រោយនេះ មានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាលទ្ធផលកម្ពុជាអាចដណ្តើមមេដាយ ជាច្រើនក្នុងការប្រកួតកីឡាការ៉ាតេអន្តរជាតិ ជាពិសេសចំនួនមេដាយ ក្នុងការប្រកួតកីឡា SEA Games លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ប្រកបដោយជោគជ័យ ដ៏ត្រចះត្រចង់ ជាប្រវត្តិសាស្ត្រ ។ ការណ៍នេះអាចចាត់ទុកជារបត់ប្រែប្រួលដ៏ធំមួយមិនធ្លាប់មានក្នុងប្រវត្តិនៃវិស័យកីឡាការ៉ាតេកម្ពុជា ។

ជាងនេះទៀត ខ្ញុំសង្កេតឃើញថា ចលនាកីឡាការ៉ាតេ ក្នុងសង្គមក៏មានការរីកចម្រើនយ៉ាងរហ័ស ដោយសិស្សគុណទូទាំងប្រទេស បច្ចុប្បន្នមានចំនួនរហូតដល់ ៨៨៥ នាក់ខណៈសិស្សគុណបានចូលរួម ប្រកួតការ៉ាតេជើងឯកថ្នាក់ជាតិបានកើនពីចំនួន២៣០ នាក់ ក្នុងឆ្នាំ ២០២២ រហូតដល់ ចំនួន ៣៥០ នាក់ ក្នុងឆ្នាំ ២០២៣ ។ ស្របពេល យើងកំពុងអបអរសាទរចំពោះសមិទ្ធផលនានា យើងក៏ត្រូវបន្តគិតគូរ អំពីទិសដៅទៅអនាគតនៃការរីកលូតលាស់នៃកីឡាការ៉ាតេរបស់កម្ពុជាផងដែរ ។

លោកប្រធានបន្ថែមទៀតថា ក្នុងនាមជាប្រធានសហព័ន្ធ ខ្ញុំយល់ថា កិច្ចការនេះទាមទានូវការយកចិត្តទុកដាក់ខ្ពស់ជាពិសេស ការចូលរួមប្រកបដោយឆន្ទៈ និងស្មារតីបុរេសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រាប់ចាប់ពីរូប ខ្ញុំផ្ទាល់ រហូតដល់ថ្នាក់ដឹកនាំ និង មន្ត្រីសហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនី គ្រូបង្វឹក និងគ្រូជំនួយទាំងអស់ផងដែរ៕

Most Popular

To Top