ភ្នំពេញ៖ សហព័ន្ធកីឡាសីដក់ និងឈិនឡូកកម្ពុជានាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសីដក់ និងឈិនឡូក លើកទី៣៧ “ISTAF World Sepaktakraw Championship , 37th Thai Kings Cup 2024 ” ដែលប្រព្រឹត្តិចាប់ថ្ងៃទី១ រហូតដល់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្ត Nakhon Ratchasima នៅប្រទេសថៃ។
កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការរង និងជាប្រធានប្រតិភូ បានប្រាប់ឲ្យពីប្រទេសថៃថា “ISTAF World Sepaktakraw Championship , 37th Thai Kings Cup 2024 ” ឆ្នាំនេះ សហព័ន្ធបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី២៩នាក់ ក្នុងនោះប្រតិភូ ១ រូប គ្រូបង្វឹក ១ រូប គ្រូជំនួយ ៣ រូប កីឡាករ ១៥រូប កីឡាការិនី ៩រូប។
កញ្ញាអគ្គលេខាធិការរងបានបញ្ជាក់ថា ការប្រកួតខាងលើកនេះមានវិញ្ញាសា ៧វិញ្ញាសា រួមមានវិញ្ញាសា ៣ ទល់៣ ជាក្រុមផ្នែកបុរស វិញ្ញាសា ៣ ទល់ ៣ ជាក្រុមផ្នែកនារី វិញ្ញាសា ៤ ទល់ ៤ ផ្នែកបុរស វិញ្ញាសា ៤ ទល់ ៤ ផ្នែកនារី វិញ្ញាសាសីកន្រ្តក់ ផ្នែកបុរស វិញ្ញាសាសីកន្ត្រក់ ផ្នែកនារី និង ៤ ទល់ ៤ ចម្រុះ៕
ដោយ៖ លី ភីលីព