អ្នកចាត់ការបិសាចក្រហម Manchester United លោក Erik Ten Hag នៅតែមានជំនឿចិត្តថា កូនក្រុមរបស់ខ្លួននៅតែអាចធ្វើវាបាន បើទោះបីជាការចាប់ផ្ដើម English Premier League រាងរខេករខាកបន្តិចមែន ។
ដ្បិតតែចាញ់ Liverpool ៣-០ មែន Ten Hag នៅតែច្បាស់ក្នុងចិត្ត និងមានគំនិតសុទិដ្ឋិនិយមសម្រាប់បិសាចក្រហមរបស់លោក ពិសេសលោកសំឡឹងឃើញថា នៅពេលដែលកូនក្រុម របស់លោកទាំងថ្មីនិងចាស់ អាចសម្របខ្លួនបានល្អជាមួយគ្នាជាពេលដែលបិសាច ក្រហមអាចឆ្ពោះ ទៅរកភាពខ្លាំងបាន ។
«យើងមានការប្រកួតច្រើន ហើយខ្ញុំដឹងច្បាស់ថាយើងនឹងស្ថិតនៅចំណុចណានៅពេលបញ្ចប់រដូវកាល។ លេងច្រើនប្រកួតទៅច្រើនប្រកួតទៅ និងលេងច្រើនសប្ដាហ៍ យើងនឹងឆ្ពោះទៅរកពាន»។ នេះជាសម្ដីរបស់លោក Erik Ten Hag ក្រោយចាញ់ Liverpool ។ អ្នកចាត់ការរូបនេះបានបដិសេធការប្រៀបធៀបលទ្ធផលការចាញ់២ ឈ្នះ ១ រដូវកាលនេះ និងកាលពីរដូវកាលមុនចាប់ផ្ដើមមកឈ្នះ ៣ និងស្មើ៤ ហើយនៅតែមិនអាចឈ្នះពាន ខណៈរដូវកាលនេះបើកឆាកមកយ៉ាប់ចឹងហើយធ្វើម៉េចឈ្នះពានកើត ។
Ten Hag បានបញ្ជាក់ថា «ខ្ញុំមិនមានអារម្មណ៍ថាយើងស្ថិតនៅចំណុចនោះដដែលទេ។ នេះទើបជាការចាប់ផ្ដើមប៉ុណ្ណោះ។ ខ្ញុំមើលឃើញចំណុចល្អជាច្រើន ប៉ុន្តែខ្ញុំមិនចង់លើកវាមកនិយាយក្រោយពេលយើងចាញ់ Liverpool ៣-០។ ថ្ងៃនេះជាថ្ងៃចាប់ផ្ដើមដាក់ឲ្យចូលលេងជុំគ្នាលើកដំបូងពីវគ្គទី១ទៅរវាង Matthijs de Light និង Joshua Zirkzee ដូច្នេះយើងនឹងអាចកែប្រែស្ថានការណ៍បាន ហើយយើងនឹងតាមទាន់»៕