ភ្នំពេញ ៖ សហព័ន្ធខ្មែរហែលទឹក នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជូនមន្រ្តី ២ រូបទៅចូលរួមវគ្គបណ្តុះបណ្តាល គណៈកម្មការបច្ចេកទេស ផ្នែកកីឡាហែលទឹក ជើងទា នៅខេត្តភូកេត ប្រទេសថៃ ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក បានប្រាប់តាមអនឡាញថា ថ្ងៃនេះសហព័ន្ធខ្មែរហែលទឹកបញ្ជូនមន្រ្តី ២ រូប គឺលោក ឆោម ចាន់ថន និងលោក ហែម ថុនពន្លឺ ចូលរួមវគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេស ក្នុងការប្រកួតកីឡាហែលទឹកជើងទា នៅប្រទេសថៃ។ ការចូលរួមវគ្គនេះ ដោយរៀនស្តីទី ការអនុវត្ត សម្រាប់ការប្រកួតកីឡាហែលទឹកជើងទា ក្រោយពីបញ្ចប់ការសិក្សានឹងធ្វើការប្រឡង់ទៀតផង ។

លោកអគ្គលេខាធិការ បានបន្តថា លោក ឆោម ចាន់ថន និង លោក ហែម ថនពន្លឺ គឺជាមន្រ្តីបច្ចេកទេស ផ្នែកកីឡាហែលទឹកជើងទាដំបូងគេ ដែលសហព័ន្ធខ្មែរ ហែលទឹកបានបញ្ជូន ទៅចូលរួមវគ្គបណ្តុះបណ្តាលរៀបចំ ដោយសហព័ន្ធហែលទឹកជើងទាអន្តរជាតិ ។ នេះជាសកម្មភាព ដែលសហព័ន្ធយើងចង់ ជំរុញឲ្យមន្ត្រីហែលទឹក បានចូលរួមលក្ខណៈអន្តរជាតិ ឬអាស៊ីអគ្នេយ៍៕

