វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទះនារីវៀតណាម នឹងបង្ហាញខ្លួនជាលើកដំបូង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះនារី ជម្រើសរើសជើងឯកពិភពលោក ២០២៥ “2025 FIVB Volleyball Women’s World Championshipៗ បន្ទាប់ពីប្រទេសថៃទទួលបានសិទ្ធិ ធ្វើម្ចាស់ផ្ទះការប្រកួតជាផ្លូវការ ។
ប្រទេសថៃត្រូវបានប្រកាសកាលពីថ្ងៃទី ៣០ ខែសីហា ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកពិភពលោក “FIVB Volleyball Women’s 2025” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែសីហា ដល់ថ្ងៃទី ៧ ខែកញ្ញា។ ខណៈថៃមានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ដោយស្វ័យប្រវត្តិ ដោយវៀតណាម បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ នៃការប្រកួតបាល់ទះនារីអាស៊ីឆ្នាំ ២០២៣ មានសិទ្ធិពេញលេញ ចូលរួមក្នុងការប្រកួតនេះ។ នេះត្រូវបានបញ្ជាក់ដោយសហព័ន្ធបាល់ទះអន្តរជាតិ (FIVB) ក្នុងបញ្ជីដែលបានផ្ញើទៅសហព័ន្ធសមាជិក របស់ខ្លួន។
លោក Le Tri Truong អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះវៀតណាមបានប្រកាសមុននេះថា រាល់ឯកសារ និងនីតិវិធីចាំបាច់សម្រាប់ ចូលរួមការប្រកួតជើងឯកពិភពលោកឆ្នាំ ២០២៥ តាមតម្រូវការរបស់ FIVB ត្រូវបានបញ្ចប់ និងដាក់ជូន។ ការប្រកួតជើងឯកពិភពលោកនារី ឆ្នាំ ២០២៥ នឹងមានក្រុមចំនួន៣២ ក្នុងចំណោមក្រុមកំពូលៗ របស់ពិភពលោក។
ក្រុមទីមួយរួមមានក្រុមជើងឯក (ស៊ែប៊ី) និងក្រុមចំនួន ១៥ ដែលមានចំណាត់ថ្នាក់ខ្ពស់ក្នុងការប្រកួតជើងឯកទ្វីបរបស់ពួកគេ គឺក្រុមកំពូលទាំង៣ មកពីទ្វីបនីមួយៗ ។ ក្រុមទី២ រួមមានប្រទេសម្ចាស់ផ្ទះថៃ និងក្រុមចំនួន ១៥ ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេលើតារាងពិន្ទុពិភពលោក មិនទាន់បានរាប់បញ្ចូលក្នុងក្រុមទាំង ១៦ ដំបូង។
ក្រៅពីវៀតណាម ស៊ែប៊ី និងថៃ ក្រុមដែលនៅសល់ចូលរួមក្នុងការប្រកួតរួមមាន អាហ្សង់ទីន បែលហ្ស៊ិក ប្រេស៊ីល ប៊ុលហ្គារី កាមេរូន កាណាដា ចិន កូឡុំប៊ី គុយបា សាធារណរដ្ឋឆេក សាធារណរដ្ឋដូមីនិក អេហ្ស៊ីប បារាំង អាល្លឺម៉ង់ ក្រិក អ៊ីតាលី ជប៉ុន កេនយ៉ា ម៉ិកស៊ិក ហូឡង់ ប៉ូឡូញ ព័រតូរីកូ ស្លូវេនី ស្លូវ៉ាគី អេស្ប៉ាញ ស៊ុយអែត តួកគី អ៊ុយក្រែន និងអាមេរិក៕