The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Al Nassr ត្រូវបានគេរាយការណ៍ កាន់តែជិតទៅនឹងការចុះកុងត្រា នាំយកកីឡាករចំណូលថ្មីម្នាក់ ទៀតគឺកីឡាករ Angelo សញ្ជាតិប្រេស៊ីលមករួមក្លឹបនៅ រដូវក្តៅនេះ។
កីឡាករខ្សែប្រយុទ្ធ ដែលកំពុងលេង ឲ្យក្លឹបតោខៀវ Chelsea រូបនេះនឹងត្រូវផ្ទេរទៅលីគអារ៉ាប់ នៅក្នុងនាទីចុងក្រោយ ក្រោយការបង្ហាញ ការតាំងចិត្តយ់ាងខ្លាំងពីសំណាក់ក្លឹប Chelsea និងក្លឹប Al Nassr សម្រាប់កុងត្រានេះ ។
ប្រភពដដែលបានឲ្យដឹងដែរ ថាក្លឹប Al Nassr បានផ្តល់តម្លៃខ្លួនកីឡាករ ប្រមាណជា២៣លានអឺរ៉ូ ដែលនឹងធ្វើឲ្យ កីឡាករវ័យ ទើបតែ១៩ឆ្នាំរូបនេះ នឹងមានឳកាសបង្ហាញ ខ្លួននៅតំបន់ប្រយុទ្ធជួរមុខ ជាមួយនឹងកំពូលកីឡាករ CR7 ។
គួរឲ្យដឹងដែរថា Chelsea ទើបតែបានចុះហត្ថលេខា ជាមួយនឹងកីឡាកររូបនេះ កាលពីឆ្នាំ២០២៣កន្លងមកនេះប៉ុណ្ណោះ ជាមួយនឹងតម្លៃខ្លួនត្រឹមតែ១៩លានអឺរ៉ូប៉ុណ្ណោះពីក្លឹបលីគកំពូលប្រេស៊ីល Santos ប៉ុន្តែគាត់មិនមានឳកាសបង្ហាញខ្លួន ឲ្យឈុតធំរបស់ក្លឹបឡើយ ហើយត្រូវបានឲ្យខ្ចីជើងទៅលេងនៅ Strasbourg ពេញមួយរដូវកាលនៅលីគកំពូលបារាំង៕
ប្រែសម្រួល៖ស៊ុនលី