កីឡា

កីឡាករវាយកូនបាល់កម្ពុជា ផល រតនៈ ជាបេក្ខជនម្នាក់គត់ ចូលរួមការប្រកួតជើងឯក យុវជន អាស៊ីនៅកម្ពុជា

ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ទទួលសិទ្វិធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួត កីឡាវាយ កូនបាល់ជើងឯក យុវជនអាស៊ីក្រោម ១៤ ឆ្នាំ (ATF Asian 14U Junior Championship 2024) នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ចាប់ពីថ្ងៃទី៩ដល់១៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានក្រុមអត្តពលិកមកពី ១៦ ប្រទេសចូលរួម ។

កញ្ញា ស៊ុ ចិន្តា អ្នកទទួលបន្ទុកសម្របសម្រួល រៀបចំព្រឹត្តិការណ៍ប្រកួត របស់សហព័ន្ធកីឡា វាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍អន្តរជាតិនេះមានកីឡាករ-កីឡាការិនីចូលរួមមកពី១៦ប្រទេសនៅតំបន់អាស៊ាន និងអាស៊ី ក្នុងនោះមានកីឡាករ ២៤ នាក់ និងកីឡាការិនី ២៤ នាក់ ប្រកួតលើ ៤ វិញ្ញាសា គឺប្រកួតវាយឯកក្តជនបុរស និងវាយគូបុរស និងប្រកួតឯកក្តជននារី និងវាយគូនារី ។

កញ្ញា ស៊ុ ចិន្តា បានបន្តថា ព្រឹត្តិការណ៍អន្តរជាតិធ្វើឡើង សម្រាប់អត្តពលិកវាយកូនបាល់វ័យក្មេង នេះ ជាលើកទី ២ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ក្រោយពីលើកទី១ ឆ្នាំ២០២៣ កម្ពុជាបានដាក់កីឡាករចូលរួម ២នាក់ ចំពោះឆ្នាំ២០២៤នេះ កម្ពុជា មានតែកីឡាករម្នាក់ប៉ុណ្ណោះ គឺកីឡាករ ផល រតនៈ និងគ្មានកីឡាការិនីកម្ពុជា ចូលរួមប្រកួតនោះឡើយ ។

កញ្ញា ស៊ុ ចិន្តា បានបញ្ជាក់ថា ការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិ លើកទី២នេះ បានរៀបចំឡើង ដើម្បីបង្ហាញផ្សព្វផ្សាយ ឲ្យប្រជាជនកម្ពុជា និងអន្តរជាតិមើលឃើញ អំពីការរីកចម្រើនផ្នែក វិស័យកីឡាវាយកូនបាល់៕
ដោយ៖លី ភីលីព

Most Popular

To Top