កីឡា

ម្ចាស់មេដាយមាស ៣ គ្រឿង កីឡាការិនីហែលទឹក ពាក់ជើងទាកម្ពុជា កាំង មុយនីន ត្រៀមចូលរួមប្រកួត XVIII Finswimming World Cup Round 4 នៅថៃជាលើកទី២

ភ្នំពេញ ៖ សហព័ន្ធខ្មែរហែលទឹក ត្រៀមបញ្ជូនគ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនី របស់សហព័ន្ធ ចំនួន ៤ រូប ត្រូវបានជ្រើសរើស នឹងចាត់បញ្ជូនឲ្យទៅចូលរួមព្រឹត្តិការណ៍ការប្រកួត XVIII Finswimming World Cup Round 4 ចាប់ផ្ដើមពីថ្ងៃទី៦ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តភូកេត នៃព្រះរាជាណាចក្រថៃ ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក បានប្រាប់តាមអនឡាញថា នេះជាការចូលរួមការប្រកួត XVIII Finswimming World Cup Round 4 ជាលើកទី២ហើយ សម្រាប់ប្រភេទកីឡាហែលទឹក ជើងទារបស់កម្ពុជា កាលការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅប្រទេសថៃនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ មុនការប្រកួតកីឡា SEA GAME 2023 នៅកម្ពុជា កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា កាំង មុយនីន ដណ្តើមបានមេដាយមាស ៣គ្រឿង និងសំរិទ្ធ១គ្រឿង គឺជាការប្រកួតកម្រិតយុវជន ។

លោកអគ្គលេខាធិការបានបន្តថា ការប្រកួតលើកទី២នេះ សហព័ន្ធខ្មែរហែលទឹក បានបញ្ជូនគ្រូបង្វឹក និងក្រុមកីឡាករ- កីឡាការិនី ៤ រូបរួមមានលោកគ្រូបង្វឹក ហែម ថុនពន្លឺ កីឡាករ ហែម ប៉ុច កីឡាការិនី កាំង មុយនីន និងកីឡាការិនី ហួន ទិត្យដាលីន ។ ការប្រកួតលើកនេះ បានចែកចេញជា ២ កម្រិត គឺកម្រិតយុវជន និងកម្រិតពេញវ័យ សម្រាប់ការប្រកួត កម្រិតពេញវ័យក្នុងនោះកីឡាករ ហែម ប៉ុច កីឡាការិនី កាំង មុយនីន ព្រមទំាងកម្រិតយុវជនកីឡាការិនី ហួន ទិត្យដាលីន ។
លោក ហែម គីរី បានបញ្ជាក់ថា វត្តមានកីឡាការិនី ហួន ទិត្យដាលីន ឆ្នាំនេះ ដោយសារលោកបានមើលឃើញ ស្ទង់នៃការហ្វឹកហាត់ របស់កីឡាការិនីរូបនេះរីកចម្រើន និងប្រកួតបានល្អសាកល្បង នៅប្រទេសថៃ កាលពីពេលថ្មីៗនេះ ទើបសម្រេចចិត្តបញ្ជូនឲ្យ កីឡាការិនី ហួន ទិត្យដាលីនចូលរួមប្រកួត ។

សហព័ន្ធខ្មែរហែលទឹកបញ្ជូនមន្រ្តី ២ រូប គឺលោក ឆោម ចាន់ថន និងលោក ហែម ថុនពន្លឺ ចូលរួមវគ្គបណ្តុះបណ្តាល គណៈកម្មការបច្ចេកទេស ក្នុងការប្រកួតកីឡាហែលទឹកជើងទានៅប្រទេសថៃ។ ការចូលរួមវគ្គនេះ ដោយរៀនស្តីទី ការអនុវត្តសម្រាប់ការប្រកួតកីឡាហែលទឹកជើងទា ក្រោយពីបញ្ចប់ការសិក្សា នឹងធ្វើការប្រឡង់ទៀតផង ។

លោក ឆោម ចាន់ថន និង លោក ហែម ថនពន្លឺ គឺ ជាមន្រ្តីបច្ចេកទេស ផ្នែកកីឡាហែលទឹក ជើង ទាដំបូងគេ ដែលសហព័ន្ធខ្មែរ ហែលទឹក បានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាល រៀបចំដោយសហព័ន្ធហែលទឹក ជើងទាអន្តរជាតិ៕

Most Popular

To Top