ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីវាយកូនបាល់ ចំនួន ១៦ ប្រទេសនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានញធ្វើការបោះជំរុំ ហ្វឹកហាត់ជុំគ្នា ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកញ្ញា ដើម្បីត្រៀមខ្លួនព្រឹត្តិការណ៍ ការប្រកួតកីឡាវាយកូនបាល់ ជើងឯកយុវជនអាស៊ីក្រោម ១៤ ឆ្នាំ (ATF Asian 14U Junior Championship 2024) នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ចាប់ពីថ្ងៃទី៩ដល់១៣ ខែកញ្ញា ឆ្នាំ២០២៤ សហព័ន្ធកីឡាវាយកូ នបាល់កម្ពុជា ទទួលសិទ្វិធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានមានប្រសាសន៍ថា កម្ពុជាទទួលបានសិទ្ធិរៀប ចំព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីក្រោម ១៤ ឆ្នាំ (ATF Asian 14U Junior Championship 2024) លើកទី២នេះ ដោយកសារកាលពីឆ្នាំមុន យើងបានរៀបចំល្អប្រសើរ ជាពិសេសទីលានប្រកួត និងហ្វឹកហាត់នៅ ពហុកីឡដ្ឋានជាតិ មរតកតេជោ ប្រកបដោយគុណភាពខ្ពស់ ។

លោកអគ្គលេខាធិការ បានបន្តថា ព្រឹត្តិការណ៍អន្តរជាតិនេះ មានកីឡា -កីឡាការិនី ចូលរួមមកពី១៦ប្រទេសនៅតំបន់ អាស៊ាន និងអាស៊ី ក្នុងនោះមានកីឡាករ ២៤ នាក់ និងកីឡាការិនី ២៤ នាក់ ប្រកួតលើ ៤ វិញ្ញាសា គឺប្រកួតវាយ ឯកក្តជនបុរស និងវាយគូបុរស និងប្រកួតឯកក្តជននារី និងវាយគូនារី ។ ព្រឹត្តិការណ៍អន្តរជាតិធ្វើឡើង សម្រាប់អត្តពលិកវាយ កូនបាល់វ័យក្មេង នេះ ជាលើកទី ២ ដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ ក្រោយពីលើកទី១ ឆ្នាំ២០២៣ កម្ពុជាបានដាក់កីឡាករចូលរួម ២នាក់ ចំពោះឆ្នាំ២០២៤នេះ កម្ពុជាមានតែកីឡាករម្នាក់ ប៉ុណ្ណោះ គឺ កីឡាករ ផល រតនៈ ។

លោក ទេព រិទ្ធីវិទ្ធ បានបន្ថែមទៀតថា កម្ពុជាឆ្នាំនេះបានដាក់កីឡាករ ផល រតនៈម្នាក់គត់ ហើយលោកសង្ឃឹមថា កីឡាករ ផល រតនៈ អាចយកឈ្នះលើគូ មួយប្រកួត ឬ ពីរប្រកួត ចំណែកកីឡាការិនីវិញ សហព័ន្ធមិនបានដាក់ចូលរួមប្រកួត ដោយសារសមត្ថភាពគាត់ មានកម្រិតទាបជាងកីឡាការិនីមកពីប្រទេសនានា ។
ការទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតអន្តរជាតិលើកទី២នេះ បានរៀបចំឡើង ដើម្បីបង្ហាញផ្សព្វផ្សាយឲ្យប្រជាជនកម្ពុជា និងអន្តរជាតិមើលឃើញអំពីការរីកចម្រើនផ្នែកវិស័យកីឡាវាយកូនបាល់៕





