កីឡា

លោក វ៉ាត់ ចំរើន បានអំពាវនាវ ឲ្យមហាជន និងអ្នកស្រលាញ់ការ រត់ចុះឈ្មោះ រត់ប្រណាំងកម្សាន្ត AIA Pink Run 2024 អបអរសាទរ ពិធីបើកការដ្ឋាន ព្រែកជីកហ្វូនណនតេជោ

ភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត AIA Pink Run 2024 ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅមុខសួនច្បារវត្ត បទុមវត្តី នៅភ្នំពេញ ដើម្បីអបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូនណនតេជោ និងរត់កម្សាន្តក្នុងការលើកម្ពស់ ការយល់ដឹង និងទប់ស្កាត់ ព្រមទំាងកាត់បន្ថយជំងឺមហារីកសុដន់ (AIA Pink Run) ។

នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សន្និសីទសារព័ត៌មានស្តីពី ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ដែលនឹងប្រព្រឹត្តឡើងនាថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ ២០២៤ ស្ថិតនៅសួនច្បារ ខាងមុខវត្តបទុមវតី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក សែម ផល្លា នាយកចាត់ការទូទៅព្រឹត្តិការណ៍ កីឡារត់ប្រណាំងរបស់កម្ពុជា និងអ្នកតំណាងក្រុមហ៊ុនជាដៃគូ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត AIA Pink Run 2024 ធ្វើឡើងក្នុងគោលបំណងចំនួនធំ ៗរួមមានទី១ ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូនណនតេជោ ទី២ ការលើកម្ពស់ការយល់ដឹង និងទប់ស្កាត់ ព្រមទំាងកាត់បន្ថយជំងឺមហារីកសុដន់ ដែលជាការងារសង្គមមួយដើម្បីដល់ស្រ្តីគ្រប់រូប និងការងារទី៣ ផ្តោតទៅឡើសប្បុរសធម៌តាមមន្ទីរពេទ្យ ហើយអ្វីដែលសំខាន់នោះ គឺការបំផុសចលនាកីឡាដើម្បីសុខភាព។

លោក អគ្គលេខាធិការាបានបន្តថា កីឡារត់នោះសារសំខាន់ណាស់ សម្រាប់សុខភាពមនុស្សគ្រប់រូប ក្រៅពីសុខភាព ក៏ជាឱកាសសម្រាប់កីឡាករ -កីឡាការិនីជម្រើសជាតិ តេស្តិ៍សមត្ថភាពរបស់ពួកគេ បន្ទាប់ពីពួកគេបានចំណាយពេលហ្វឹកហាត់ ជាច្រើនខែកន្លងមក ។
លោកសូមអំពាវនាវដល់មហាជនទំាងអស់ចូលរួមរត់ប្រណាំងកម្សាន្ត AIA Pink Run 2024 ដើម្បីអបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូនណនតេជោ ។
រត់ប្រណាំងកម្សាន្ត AIA Pink Run 2024 មាន ៣ វិញ្ញាសា រួមមានរត់ចម្ងាយ ១០ គីឡូម៉ែត្រ រត់ចម្ងាយ ៥ គីឡូម៉ែត្រ និងរត់ចម្ងាយ ៣ គីឡូម៉ែត្រ ហើយមានអ្នកចុះឈ្មោះបានប្រហែលជិត ២០០០ នាក់ ចំណែកគោលដៅ គណៈកម្មការចាប់ពី ៣.០០០ទៅ ៤.០០០ នាក់ ។ គណៈកម្មរៀបចំរត់ប្រណាំងកម្សាន្ត AIA Pink Run 2024 នៅតែបន្តចុះឈ្មោះ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤៕

Most Popular

To Top