ភ្នំពេញ ៖ ខេមរសហព័ន្ធយូដូត្រៀម នឹងបញ្ជូនក្រុមគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីយូដូកម្ពុជា ចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាយូដូ ជ្រើសរើសជើងឯក ឆ្នាំ២០២៤ “THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024 ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្ត CHONBURI ប្រទេសថៃ។

លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹកជម្រើសជាតិបានប្រាប់ឲ្យប្រព័ន្ធអនឡាញឲ្យដឹងថា ក្រោយពីខេមរសហព័ន្ធយូដូទទួលបានអនុញ្ញាតពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏ត្រៀមបញ្ជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីយូដូចំនួន ១២ នាក់ ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ ២ នាក់ កីឡាករ ៥ នាក់ និងកីឡាការិនី ៥ នាក់។

លោកគ្រូបង្វឹក ជម្រើសជាតិ បានបន្តថា ក្រុមកីឡាករ-កីឡាការិនីយូដូ ទំាងនេះកំពុងធ្វើហ្វឹកហាត់យ៉ាង សកម្មនៅទីលានហ្វឹកហាត់ ខេមរសហព័ន្ធយូដូ ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកថ្វីដង ដើម្បីត្រៀមប្រកួតជាមួយក្រុមកីឡាករ-កីឡាការិនីបរទេស ដែលចូលរួមការប្រកួតខាងលើកនេះ។

គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីយូដូចំនួន ១២ នាក់ រួមមានលោក ម៉ារ វង្សវិបុល គ្រូបង្វឹកជម្រើសជាតិ លោក សុខ ដារ៉ា គ្រូជំនួយជម្រើសជាតិ កីឡាករ ឈៀវ ឆវិន កីឡាករ ចន្ថា សំណាងកីឡាការិនី កែវ វ៉ាន់ខឿន កីឡាការិនី តុន ស្រីពេជ្រ កីឡាការិនី គុណ ស្រីនិច កីឡាការិនី ចេង ដាលីន កីឡាការិនី សេង គឹមលី កីឡាករ ទី ជីហាវ កីឡាករ ឃុំ រតនាសិលា កីឡាករ ហ្គូឆ្លូវ វឡូឌីមៀរ ៕
