វិស័យបាល់ទាត់ នៅប្រទេសទ្វីបអាស៊ី ភាគច្រើន ហាក់ដូចជាមិនសូវ លូតលាស់ប៉ុន្មានទេ ដោយសារតែបញ្ហាជាច្រើន ជាពិសេសគឺអភិបាលកិច្ចបាល់ទាត់ និងវប្បធម៌ នៃការលេងកីឡានេះតែម្ដង ។ យ៉ាងណាមិញ មានប្រទេសអាស៊ីមួយចំនួនហាក់មានស្តង់ដាពិភពលោក ដោយសារកត្តាជាច្រើន ដែលក្នុងនោះកត្តាមួយ គឺកីឡាកររបស់ប្រទេសទាំងនោះមានឱកាសលេងនៅទ្វីបអឺរ៉ុបដែលមានលីគជាច្រើន ដែលជាលីគលំដាប់ពិភពលោក។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្នុងទ្វីបអាស៊ី ក្រុមបាល់ទាត់ជម្រើសជាតិដែលជាប់លេខ ១ នៅក្នុងតារាងចំណាត់ថ្នាក់ FIFA នោះគឺ ក្រុមជម្រើសជាតិជប៉ុន។
ក្រុមជប៉ុននៅពេលនេះដែរ កំពុងតែឈរលេខ ១៨ នៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ដោយពេលនេះកំពុងតែមាន ១ ៦២១ពិន្ទុ ។
ជប៉ុនកំពុងតែនាំមុខអាស៊ីខាងបាល់ទាត់នេះ អស់រយៈពេលជាច្រើនឆ្នាំមុខហើយ ដោយចាប់តាំងពីឆ្នាំ២០១៩មក ប្រទេសនេះជាប់លេខ ១ ជាប់រហូត លើកលែងតែនៅឆ្នាំ២០២១ ទេ ដែលប្រទេសនេះជាប់លេខ ២ ហើយអ៊ីរ៉ង់ជាប់លេខ ១។
ចាប់តាំងពីចំណាត់ថ្នាក់ FIFA ត្រូវបានគេកត់ត្រា ជាផ្លូវការនៅឆ្នាំ១៩៩២មក ជប៉ុនជាប់លេខ ១ នៅទ្វីបអាស៊ីលើកដំបូងនៅឆ្នាំ១៩៩៥។ ប្រទេសនេះធ្លាប់បង្ហាញទម្រង់លេងបានយ៉ាងល្អ នៅក្នុងការប្រកួតបាល់ទាត់អន្តរជាតិ រហូតធ្លាប់ជាប់លេខ ៩ ចំណាមសមាជិក FIFA ជិត ២០០សមាគមបាល់ទាត់ ។
សូមជម្រាបផងដែរ សមាជិកក្រុមជម្រើសជាតិជប៉ុន នៅពេលបច្ចុប្បន្ននេះ ភាគច្រើនលេងនៅទ្វីបអឺរ៉ុបដែលរួមមានខ្សែបម្រើការពារ Wataru Endo ដែលពេលនេះ កំពុងលេងនៅ Liverpool ហើយដើរតួជាប្រធានក្រុមជប៉ុន ។ ក្រៅពី Endo មានកីឡាករមួយចំនួនទៀតលេងនៅលីគហុល្លង់ ព័រទុយហ្គាល់ ប៊ែលហ្សិក បារាំង អេស្ប៉ាញ ជាដើម ៕