កីឡា

លោក ហេង សុខឃន ក្លាយជាប្រធាន ខណៈលោក ប៉ែន ស៊ីនេត ជាអនុប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ីងអាណត្តិថ្មី ២០២៤-២០២៨

ភ្នំពេញ៖លោក ហេង សុខឃន នៅតែបន្តជាប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ីងកម្ពុជា ខណៈលោក ប៉ែន ស៊ីនេត បានក្លាយជាអនុប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ីងកម្ពុជា បន្ទាប់ពីសមាជិប្រតិបតិ្តបសម្រេចចិត្តបោះឆ្នាតជម្រើសលោកទាំង ២នាក់ដឹកនាំក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ ២០២០-២០២៤ និងបន្តអាណត្តិថ្មី ២០២៤-២០២៨ នៅសណ្ឋាគារភ្នំពេញ ល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។


ក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ ២០២០-២០២៤ និងបន្តអាណត្តិថ្មី ២០២៤-២០២៨ នោះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក។


ចំពោះសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ១៩រូប រួមមាន ហេង សុខឃន ជាប្រធានសហព័ន្ធ លោក ម៉ិល កាដូ លោក ប៉ែន ស៊ីនេត លោក គង់ វិសាល លោក ទុយ ប៊ុនហឿន លោក វ៉ន វីវ៉ា លោក ផេង វណ្ណៈ លោក តែម សុខវឌ្ឍនា ជាអនុប្រធាន លោក គឹមស្រ៊ុន កុសល អគ្គលេខាធិការ អគ្គលេខាធិការរង ៣រូប និងអគ្គហេរញ្ញិក លោកស្រី សុន រ៉ាវី ព្រមទាំងអគ្គហេរញ្ញិករង និងសមាជិក៥រូបទៀត។


ក្រោយការជាប់ឆ្នោតលោក ហេង សុខឃន បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងខិតខំកសាងកីឡាករ-កីឡាការិនី និងថ្នាលយុវជនឲ្យបានច្រើន ព្រមទាំងខិតខំទំនាក់ទំនងជាមួយសហព័ន្ធអន្តរជាតិ ដើម្បីបន្តជំរុញឲ្យមានភាពរលូនក្នុងកិច្ចការងារ។ បន្ថែមពីលើនេះ ប្រធានសហព័ន្ធរូបនេះក៏ប្តេជ្ញាផលិតធនធានកីឡាករ-កីឡាការិនីឲ្យមានសក្តានុពលខ្ពស់ ក្នុងការឈានឆ្ពោះទៅចូលរួមប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់នាពេលខាងមុខ៕

ដោយ៖លី ភីលីព

Most Popular

To Top