កីឡា

ក្រុមអត្តពលិកការ៉ាតេកម្ពុជា ២០ នាក់​ ធ្វើដំណើរចូលរួមការប្រកួត Asian Senior Karate Championship នៅចិន

ភ្នំពេញ ៖ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរង បានដឹកនាំក្រុមប្រតិភូ គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីកីឡាការ៉ាតេកម្ពុជា ចំនួន ២០នាក់បានចេញធ្វើដំណើរ ដើម្បីចូលរួមការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី លើកទី២០ ឆ្នាំ២០២៤ (20th Asian Senior Karate Championship) នៅប្រទេសចិន ។

សហព័ន្ធកីឡាការ៉ាតេកម្ពុជានឹងបញ្ជូនប្រតិភូ និងអត្តពលិកសរុប ២០នាក់ ប្រតិភូ១ នាក់គ្រូបង្វឹក៤ នាក់ អាជ្ញាកណ្តាល ៣ នាក់ កីឡាករ-កីឡាការិនី ១២ នាក់ ក្នុងនោះកីឡាការិនី ៥ នាក់ និងកីឡាករ៧ នាក់ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡារ៉ាតេជើងឯកអាស៊ី លើកទី២០ ឆ្នាំ២០២៤ (20th Asian Senior Karate Championship) នៅ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកញ្ញាខាងមុខ ទីក្រុង Hangzhou ប្រទេសចិន។

ទន្ទឹមនេះ ការតស៊ូព្យាយាម និងភាពអត់ធ្មត់ ដោយលះបង់នូវកម្លាំងកាយ-ចិត្តតាមរយៈការប្រឹងប្រែងហ្វឹកហាត់ជាប្រចាំរបស់កីឡាករ- កីឡាការិនីការ៉ាតេ ក្រោមការយកចិត្តទុកដាក់ របស់គ្រូបង្វឹក បានធ្វើឲ្យកម្រិតគុណផលកីឡា ព្រមទាំងកម្រិតបច្ចេកទេស ជំនាញនាប៉ុន្មាន ឆ្នាំចុងក្រោយនេះ មានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ។

ជាលទ្ធផលកម្ពុជាអាចដណ្តើមមេដាយ ជាច្រើនក្នុងការប្រកួតកីឡាការ៉ាតេអន្តរជាតិ ជាពិសេសចំនួនមេដាយ ក្នុងការប្រកួតកីឡា SEA Games លើកទី ៣២ ឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ប្រកបដោយជោគជ័យ ដ៏ត្រចះត្រចង់ ជាប្រវត្តិសាស្ត្រ ។ ការណ៍នេះ អាចចាត់ទុកជារបត់ប្រែប្រួល ដ៏ធំមួយមិនធ្លាប់មានក្នុងប្រវត្តិ នៃវិស័យកីឡាការ៉ាតេកម្ពុជា ៕

Most Popular

To Top