កីឡា

Ten Hag ៖ Antony ត្រូវ​តែ​​បាន​លេង​ឲ្យ​ Man Utd

លោក Erik Ten Hag ​បាន​និយាយ​ថា Antony ខ្សែ​បម្រើ​ស្លាប​របស់​​ប្រេស៊ីល​ ត្រូវ​​តែ​បាន​​លេង​ឲ្យ​ក្លឹប​ Manchester United ​ក្នុង​ករណី​ដែល​គេ​បាន​​ធ្វើ​ការ​ហ្វឹកហាត់​ពេញ​លេញ និង​​បង្ហាញ​សមត្ថភាព​​បាន​ល្អ​ក្នុង​ការ​ហ្វឹកហាត់​។

Antony ​ជា​កីឡាករ​​​​មាន​តម្លៃ​ថ្លៃ​បំផុត​ទី​២​​ ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ដែល​ Manchester United ទិញ​ចូល​រហូត​ដល់​ទៅ ៨២​លាន​ផោន បន្ទាប់​ពី Paul Pogba ។ ខណៈ​ដែល​ទិញ​ចូល​ថ្លៃ​បែប​នេះ​គេ​ទើប​តែ​រក​បាន​៥​គ្រាប់​ និង​​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​រក​គ្រាប់​បាល់​បាន​ត្រឹម​តែ​៣​គ្រាប់​ប៉ុណ្ណោះ​ ក្នុង​ការ​បង្ហាញ​ខ្លួន​៥៥​លើក​ក្នុង​ Premier League ​ហើយ​រដូវ​កាលមុន​គេ​រក​បាន​​តែ​១​គ្រាប់ និង​បញ្ជូន​បាល់​​ឲ្យ​មិត្ត​រួម​​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​តែ​១​លើក​​ ​មិន​បាន​ជួយ​ក្រុម​ច្រើន​ទើប​ធ្វើ​ឲ្យ Manchester United បញ្ចប់​​រដូវ​កាល​រហូត​ដល់​លេខ​៨​ក្នុង​តារាង​ EPL ។

​កីឡាករ​វ័យ​២៤​ឆ្នាំ​ទើប​តែ​បង្ហាញ​ខ្លួន​បាន​១​នាទី​ប៉ុណ្ណោះ​​​ក្នុង​រដូវ​កាល​នេះ​ឲ្យ​ក្លឹប​​កាល​ប៉ះ Brighton ដែល​ចាញ់ ២-១ នោះ​​ ខណៈ​ដែល Marcus Rashford, Alejandro Garnacho និង Amad Diallo សុទ្ធ​តែ​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​បាន​ចូល​លេង​ជំនួស​ការ​ជ្រើស​រើស​ Antony ។ យ៉ាង​ណា​ Antony នឹង​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​បង្ហាញ​ខ្លួន​យប់​ថ្ងៃ​អង្គារ​នេះ​ទល់​ក្រុម Barnsley ក្នុង​ពាន​រង្វាន់ Carabao Cup ជុំ​ទី​៣​។ ​​​​ក្នុង​ការ​ប្រកួត​នោះ​​ Ten Hag បាន​បង្ហាញ​ទស្សនៈ​ថា កីឡាករ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​ជោគវាសនា​របស់​ខ្លួន​ឯង​។

«​គាត់​មាន​ការ​តស៊ូ គាត់​ចង់​លេង​ ប៉ុន្តែ​​ក្នុង​បាល់ទាត់​​កម្រិត​ខ្ពស់​​ដូច​ជា Manchester United ​ត្រូវ​តែ​មាន​ច្បាប់​ទម្លាប់​ បើ​អ្នក​ឯង​ចង់​លេង​អ្នក​ឯង​ត្រូវ​តែ​បង្ហាញ​ឲ្យ​ឃើញ​ពី​សមិទ្ធផល​​របស់​ខ្លួន​។ ក្នុង​ការ​ស្ថិត​នៅ​ក្លឹប​​​ដែល​មាន​ឱកាស​ឈ្នះ​ការ​ប្រកួត​ច្រើន ក្រុម​ដែល​មាន​សក្ដានុពល​ខ្ពស់… កីឡាករ​ត្រូវ​តែ​ប្រកួត​ប្រជែង​ស្វែង​រក​កន្លែង​ដែល​ខ្លួនឯង​លេង​»។ នេះ​ជា​ការ​លើក​ឡើង​របស់ Ten Hag ។

​អ្នក​ចាត់​ការ​សញ្ជាត​ហុល្លង់​លើក​​ឡើង​ទៀត​ថា ​គ្រប់​គ្នា​មាន​ការ​ហ្វឹកហាត់​រាល់​ថ្ងៃ​ ហើយ​កីឡាករ​ណា​ដែល​បង្ហាញ​ខ្លួន​​បាន​ល្អ​ និង​បង្ហាញ​សមត្ថភាព​លេចធ្លោ​ក្នុង​ការ​ហ្វឹកហាត់​ច្បាស់​ណាស់​អ្នក​នោះ​​នឹង​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​លេង​ក្នុង​កា​រប្រកួត​៕

Most Popular

To Top