កីឡា

បិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាស្បៃស្បាល់ អូឡាំពិកកម្ពុជាខេត្ត ពោធិ៍សាត់ជាផ្លូវការ

ខេត្តពោធិ៍សាត់ ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មការជាតិ ស្បៃស្បាល់អូឡាំពិកកម្ពុជា តំណាង ឲ្យលោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងលោកស្រី ម៉ុក ណាឌី អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់បាន ចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាស្បៃស្បាល់ អូឡាំពិកកម្ពុជាខេត្ត ពោធិ៍សាត់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ។

លោកស្រី ម៉ុក ណាឌី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិក ដល់សិក្ខាកាមចំនួន២៥នាក់ ស្រី៥នាក់ ដែលបានប្រព្រឹត្តទៅ រយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងពង្រីកចលនាកីឡា ស្ប៉េស្យាល់អូឡាំពិកតាមបណ្តា ខេត្ត ដើម្បីងាយស្រួល ក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី ពិការខ្សោយសតិបញ្ញាជាការផ្តល់ ឱកាសឲ្យពួកគាត់បានចូលរួម សកម្មភាពកីឡាទាំងថ្នាក់រាជធានី ខេត្ត ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។

លោក សែម សុខា ក៏មានបានប្រសាសន៍ថា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិកាជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារ ទាំងអស់ ដែលបានលះបង់ ពេលវេលាមកចូលរួម ក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីរួមចំណែកនិងលើកស្ទួយវិស័យពិការភាព ជាពិសេស ការងារកីឡាស្ប៉េស្យាល់អូឡាំពិក ដែលជានិច្ចកាល គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡា ដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ ក្នុងគោលបំណងផ្តល់ឱកាស ដល់ជនពិការខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់ ។

លោកអនុប្រធានបន្តថា ការបណ្តុបះណ្តាល ធនធានមនុស្សលើវិស័យកីឡា គឺជាតម្រូវការចាំបាច់ និងមានសារសំខាន់ ក្នុងការពង្រឹងពង្រីក នូវរាល់សកម្មភាព កីឡាជាសេវាកម្មបម្រើសុខុមាលភាព និងការប្រកួតនានា ក្នុងនោះជនបញ្ញាខ្សោយ ដែលជាជនងាយរងគ្រោះ និងជាបន្ទុក របស់អាណាព្យាបាល ព្រមទាំងជាបន្ទុករបស់រដ្ឋាភិបាលផងដែរ ទើបគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា បង្កើតឲ្យមាន អនុគណៈកម្មាធិការរាជធានី ខេត្ត ជាបន្តបន្ទាប់រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពត បន្ទាយមានជ័យ ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នាពេលនេះ ដើម្បីឆ្លើយតបនឹងតម្រូវការពង្រឹង និងជំរុញ ការអភិវឌ្ឍន៍ដល់មូលដ្ឋាន ទើបក្រុមការងារ យើងបានរៀបចំ កម្មវិធីបណ្តុះបណ្តាល ដល់មន្ត្រីជំនាញឲ្យបានយល់ច្បាស់ ពីសកម្មភាពកីឡាជនពិការ ខ្សោយសតិបញ្ញា និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងថែរក្សា ហ្វឹកហាត់ ដល់ពួកគាត់ ៕

Most Popular

To Top