វីរបុរសក្លឹប Manchester United អតីតកីឡាករ Patrice Evra បានសរសើរពីសម្រស់ ប្រាសាទអង្គរវត្ត និងបញ្ជាក់ថាចូលចិត្តម្ហូបខ្មែរ។ អតីតខ្សែការពារក៏បានអំពាវនាវ ភ្ញៀវទេសចរទស្សនាកម្ពុជា ។

ប្រភពរូបភាព៖ Gumball 3000
ក្នុងបទសម្ភាសន៍ខ្លីមួយ Evra បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក និងបរទេសមួយចំនួន នាវេលាថ្ងៃនេះថា រូបគេសប្បាយចិត្តដែលបានទស្សនាប្រាសាទអង្គរវត្ត ហើយកោតសរសើរថា ប្រាសាទអង្គរវត្តគឺជាប្រាសាទដែលស្អាត ។ អតីតកីឡាករបិសាចក្រហមរូបនេះ បានបន្តទៀតថា រូបគេចូលចិត្តម្ហូបខ្មែរ ម្ហូបខ្មែរមានរសជាតិឆ្ងាញ់ ។ បន្ថែមពីលើនេះ Evra បានលើកទឹកចិត្តភ្ញៀវទេសចរទស្សនាកម្ពុជា។

Evra មានវត្តមាននៅកម្ពុជា ពីថ្ងៃទី ១៥ ដល់ ១៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ ដោយអតីតកីឡាករចូលរួមកម្មវិធី Gumball 3000 x Chip Mong។

Evra គឺជាវីរបុរសរបស់ក្លឹបបិសាចក្រហម ដោយរូបគេបានរួមចំណែក ជួយក្លឹបលើកពានធំៗជាច្រើន ។ អតីតខ្សែស្លាបឆ្វេងរូបនេះ ធ្លាប់លេងឲ្យក្លឹប Manchester United ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៤ ដោយលេងសរុប ៣៧៩ ប្រកួត និងស៊ុតចូល ១០ គ្រាប់ ។ ក្រោយចេញពីក្លឹប អតីតកីឡាករក៏បានទៅចូលរួមជាមួយ Juventus រយៈពេល ៣ ឆ្នាំ រួចក៏ផ្លាស់ទៅលេងនៅ Marseille ជាង ២ រដូវកាល ។ ក្លឹបចុងក្រោយរបស់ Evra គឺ West Ham United ក្នុងរដូវកាល ២០១៧/២០១៨។ និយាយពីបាល់ទាត់ជម្រើសជាតិវិញ Evra ធ្លាប់ដើរតួនាទីជាកីឡាករសំខាន់មួយ ឲ្យក្រុមជម្រើសជាតិបារាំង ពីឆ្នាំ ២០០៤ ដល់ ២០១៧ ក្នុងនោះអតីតកីឡាករ ក៏ធ្លាប់បានធ្វើជាប្រធានក្រុមផងដែរ ។
នៅឆ្នាំ ២០១៨ Evra សម្រេចចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់អាជីព។

បច្ចុប្បន្នមានវ័យ ៤៣ ឆ្នាំ Patrice Evra គឺជាអ្នកអត្ថាធិប្បាយ បាល់ទាត់ល្បីឈ្មោះមួយ ក្នុងកម្មវិធីបាល់ទាត់ធំៗ ។ អតីតកីឡាករក៏ជាម្ចាស់ភាគហ៊ុន មួយផ្នែករបស់ក្លឹប Estrela ដែលជាក្លឹបមួយកំពុងលេង នៅលីគកំពូលព័រទុយហ្គាល់៕
