កីឡា

លោក សែម សុខា ៖ បណ្តុះបណ្តាលនេះ ជួបដល់មន្ត្រីជំនាញ ឲ្យបានយល់ច្បាស់ពីសកម្មភាព កីឡាជនពិការ ខ្សោយសតិបញ្ញា និងគ្រប់គ្រងថែរក្សា ហ្វឹកហាត់ដល់ ក្រុមអត្តពលិកជនពិការ

ខេត្តពោធិ៍សាត់ ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំកកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិឡើង ដើម្បីឆ្លើយតបនឹងតម្រូវការពង្រឹង និងជំរុញការអភិវឌ្ឍន៍ដល់មូលដ្ឋាន ក្នុងបណ្តុះបណ្តាលដល់មន្ត្រីជំនាញឲ្យបានយល់ច្បាស់ពីសកម្មភាពកីឡាជនពិការខ្សោយសតិបញ្ញា និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងថែរក្សា ហ្វឹកហាត់ ដល់ពួកគាត់ ។

លោកបានលើកឡើងក្នុងឱកាសពិធីបិទ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស៉្បេស្យាល់អូឡាំពិក ខេត្តពោធិ៍សាត់នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមការរៀបចំដោយគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា សហការជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ។

លោកអនុប្រធានបានបន្តថា ដើម្បីក្លាយជាគ្រូបង្វឹកដល់បងប្អូនពិការខ្សោយសតិបញ្ញា គ្រូបង្វឹកគ្រប់រូបត្រូវអនុវត្តរួមមាន ការគោរពចំពោះអ្នកដទៃ (គោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់អត្តពលិក គ្រូបង្វឹក អ្នកស្ម័គ្រចិត្តផ្សេងៗទៀត មិត្តភក្តិ និងអ្នកទស្សនាក្នុងព្រឹត្តិការណ៍កីឡា ។ ផ្តល់បទពិសោធន៍វិជ្ជមាន (ពេលវេលាដែលបានចំណាយជាមួយ Special Olympics អត្តពលិកម្នាក់ៗដែលគ្រូបង្វឹកបានហ្វឹកហាត់ ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង ដើម្បីទទួលបាននូវបទពិសោធន៍វិជ្ជមាន) ។

លោកបានបន្ថែមថា ត្រូវធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន (ភាសា អាកប្បកិរិយា ពេលវេលា ការរៀបចំ និងការបង្ហាញពីស្តង់ដារខ្ពស់) ។ សេវាកម្មគុណភាពដល់អត្តពលិក (ស្វែងរកការកែលម្អជាបន្តបន្ទាប់ តាមរយៈការវាយតម្លៃ ការអនុវត្ត និងការអប់រំគ្រូបង្វឹក ដែលកំពុងបន្ត ត្រូវមានចំណេះដឹងអំពីច្បាប់កីឡា និងជំនាញនៃកីឡាដែលបានបង្វឹក) និងសុខភាព និងសុវត្ថិភាព របស់អត្តពលិក (ធានាថាគ្រឿង បរិក្ខារមានសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍ ច្បាប់ ការហ្វឹកហាត់ និងបរិយាកាសសមស្របទៅនឹងអាយុ និងសមត្ថភាព របស់អត្តពលិក)។
ខ្ញុំសង្ឈឹមជឿជាក់ថា ក្រោយពីបញ្ចប់វគ្គសិក្សានេះ ទោះបីជាមានរយៈពេលខ្លីក្តី ក៏អស់លោក លោកស្រី បានទទួលចំណេះដឹងជាមូលដ្ឋានទាំងផ្នែកទ្រឹស្តី និងការអនុវត្តយកទៅហ្វឹកហាត់ដល់បងប្អូនជនពិការខ្សោយសតិបញ្ញា នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីឲ្យពួកគាត់មានឱកាសចូលរួមលេងកីឡា និងការប្រកួតនានានៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល ដែលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ដល់គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ដើម្បីឱ្យដំណើរការសកម្មភាពផ្សេងៗ ៕

Most Popular

To Top