កីឡា

លោក ប៉ែន វុទ្ធី វាយតម្លៃខ្ពស់ ចំពោះវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡារាំ កម្រិតមធ្យមឆ្នាំ២០២៤

ភ្នំពេញ ៖ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ដែលជាសេនាធិការ របស់ក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃខ្ពស់ ចំពោះវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡារាំកម្រិតមធ្យម ឆ្នាំ២០២៤ ដែលបានដំណើរការពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយប្រើប្រាស់កញ្ចប់ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក ប៉ែន វុទ្ធីបានលើកឡើងក្នុងឱកាសពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យមឆ្នាំ២០២៤ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ញ៉ែម មរតក រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា និងលោកស្រី ប៉ុក ណណ្តា ជាអនុប្រធានកិត្តិយសសហព័ន្ធ។

លោកប្រធាននាយកដ្ឋានក៏បានកោតសរសើរចំពោះលោកស្រី ញ៉ែម មរតក ប្រធានសហព័ន្ធកីឡារាំកម្ពុជា លោក លោកស្រី ជាគណៈកម្មាធិការប្រតិបត្តិ លោកគ្រូ កីឡាករ-កីឡាការិនី និងលោកស្រី ហង់ ស៊ីមន ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារ ថវិកា ដើម្បីដឹកនាំ គ្រប់ គ្រងអភិវឌ្ឍប្រភេទកីឡាជំនាញនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោកស្រី ញ៉ែម មរតក ក៏បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស លើផ្នែកគ្រូ បង្វឹកកីឡារាំ និងជាពិសេសសម្រាប់អភិវឌ្ឍ និងពង្រឹងនូវសមត្ថភាពគ្រូបង្វឹកជំនាញកីឡារាំនេះបន្ថែមទៀតឲ្យកាន់តែល្អប្រសើរ ។
ការរៀបចំវគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកម្រិតជំនាញគ្រូបង្វឹកកីឡារាំកម្រិតមធ្យមដល់មន្រ្តីកីឡា កីឡាករ កីឡាការិនី នៃសហព័ន្ធកីឡារាំកម្ពុជា ដើម្បីអភិវឌ្ឍកីឡារាំឲ្យកាន់តែមានការរីកចម្រើន ដូចបណ្តាលប្រទេសលើសកលលោក។
លោកស្រី ហង់ ស៊ីមន បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡារាំកម្រិតមធ្យមឆ្នាំ២០២៤ នេះត្រូវបានធ្វើឡើង ស្របតាមកម្មវិធីប្រតិបត្តិ ប្រចាំឆ្នាំ២០២៤ របស់សហព័ន្ធ ដោយមានសិក្ខាកាម ចូលរួមសរុប ២៥ នាក់ ហើយវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។ ឆ្លងតាមការសិក្សាអស់រយៈពេល៧ថ្ងៃ សិក្ខាកាមទាំងអស់ បានទទួលនូវចំណេះដឹង បន្ថែមទៀតជាច្រើន ដើម្បីអភិវឌ្ឍជំនាញគ្រូបង្វឹកកីឡារាំកម្រិតមធ្យម និង បច្ចេកទេសតិចនិចល្អៗជាច្រើន ដូចជាគោការណ៍បច្ចេកទេស តិចនិច Latin Dance , Standard dance គរុកោសល្យគ្រូបបង្វឹក ។

លោកស្រីបានបន្តថា វគ្គនេះមានសារសំខាន់ការ ចូលរួមការប្រកួត ច្បាប់ប្រកួត WDSF Antidoping ច្បាប់ប្រឆាំងការប្រើប្រាស់ សារធាតុលើកកម្លាំង របស់សហព័ន្ធកីឡារាំពិភពលោក ការហ្វឹកហាត់កាយសម្បទា និង ការធ្វើតេស្តបច្ចេកទេស បទពិសោធន៍ល្អៗ ដល់សិក្ខាកាមរបស់យើង ដើម្បីបង្កើនធនធាន គ្រូបង្វឹកជំនាញ កីឡារាំឲ្យកាន់តែរីកចំរើន ក្នុងគោលបំណងជួយបង្ហាត់កីឡាករកីឡាការិនីក្រុមថ្នាល ។ ក្នុងនោះសិក្ខាកាម ដែលទទួលនិទ្ទេស ល្អបង្គួរ ចំនួន២០ភាគរយ និទ្ទេសមធ្យមចំនួន៨០ភាគរយ៕
ដោយ:លី ភីលីព

Most Popular

To Top