ភ្នំពេញ ៖ នាយប់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានជួបសំណេះសំណាល និង ជូនដំណើរក្រុមគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីយូដូកម្ពុជា១២ នាក់នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាយូដូ ជ្រើសរើសជើងឯក ឆ្នាំ២០២៤ នៅខេត្ត CHONBURI ប្រទេសថៃ។

លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹកជម្រើសជាតិបានប្រាប់ឲ្យដឹងថា នាពេលក្រុមគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីយូដូចំនួន ១២ នាក់ ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ ២ នាក់ កីឡាករ ៥ នាក់ និងកីឡាការិនី ៥ នាក់បានចេញដំណើរចូលរួមការប្រកួត THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024 ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។

លោកគ្រូបង្វឹកជម្រើសជាតិ បានបន្តថា លោក និងក្រុមកីឡាករ-កីឡាការិនី ពិតជាសប្បាយចិត្ត ដែលលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាថ្មីបានជូនដំណើរ ដោយផ្ទាល់នាពេលយប់នេះ ហើយនេះបង្ហាញឲ្យឃើញ ការយកចិត្តទុកដាក់ពីថ្នាក់ ដឹកនាំមជ្ឈមណ្ឌល ។ សកម្មភាពនេះ ជាការចូលចំណែកលើក ទឹកចិត្តកីឡាករ-កីឡាការិនីយូដូយ៉ាងខ្លាំង ។

លោក ម៉ារ វង្សវិបុល បានបន្ថែមថា ខេមរសហព័ន្ធយូដូបានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីយូដូចំនួន ១២ នាក់ រួមមានលោក ម៉ារ វង្សវិបុល គ្រូបង្វឹកជម្រើសជាតិ លោក សុខ ដារ៉ា គ្រូជំនួយជម្រើសជាតិ កីឡាករ ឈៀវ ឆវិន កីឡាករ ចន្ថា សំណាង កីឡាការិនី កែវ វ៉ាន់ខឿន កីឡាការិនី តុន ស្រីពេជ្រ កីឡាការិនី គុណ ស្រីនិច កីឡាការិនី ចេង ដាលីន កីឡាការិនី សេង គឹមលី កីឡាករ ទី ជីហាវ កីឡាករ ឃុំ រតនាសិលា កីឡាករ ហ្គូឆ្លូវ វឡូឌីមៀរ៕

 
													
																							
 
																								
												
												
												 
						 
													 
						 
													 
						 
													 
						 
													 
						