កីឡា

លោក ឆយ យ៉ុងសុក ៖ វគ្គគ្រូបង្វឹកកីឡាតេក្វាន់ដូ WT ធ្វើឡើងដើម្បីពង្រឹង សមត្ថភាព គ្រូបង្វឹកឲ្យកាន់តែច្បាស់ នូវការហ្វឹកហាត់ សិស្សតាមក្លិប

ភ្នំពេញ ៖ បណ្ឌិត្យសភាតេក្វាន់ដូ W T កម្ពុជាសហការជាមួយ ខេមរសហព័ន្ធតេក្វាន់ដូ W T (World Tae kwondo) នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ រៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាតេក្វាន់ដូ W T កម្រិតមូលដ្ឋានដល់គ្រូបង្វឹក នៅតាមបណ្តាលភ្នំពេញ និងខេត្តនានា នៅសាលហ្វឹកហាត់ តេក្វាន់ដូជាន់ទី៣ នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិ និងជាគ្រូឧទ្ទេសបាននិយាយថា វគ្គគ្រូបង្វឹកកីឡាតេក្វាន់ដូ WT ខាងលើកនេះដោយមានសិក្ខាកាមចំនួន ២៥ នាក់មកភ្នំពេញ ខេត្តកណ្តាល សៀមរាប កំពង់ចាម ជាដើម ។ វគ្គនេះផ្តោតសំខាន់ ទៅលើគ្រូបង្វឹកកីឡាតេក្វាន់ដូ WT ក្នុងការពង្រឹងសមត្ថភាព គ្រូបង្វឹកឲ្យកាន់តែច្បាស់ នូវការហ្វឹកហាត់សិស្សតាមក្លិបនៅ តាមបណ្តាលខេត្តនានា ក្នុងប្រទេសកកម្ពុជា ។

វគ្គនេះជួយពន្លឿន ដល់ការអភិវឌ្ឍន៍ របស់ខេមរសហព័ន្ធតេក្វាន់ដូបានទាន់ពេលវេលា និងសម្រាប់ជាឱកាស ដល់សិក្ខាកាមទាំងអស់ បានក្រេបយកចំណេះដឹងថ្មីៗ និងទទួលបាន នូវបទពិសោធន៍ ជាច្រើនទៀតពីគ្រូបង្គោលជាគ្រូបង្វឹក អន្តរជាតិត្រៀមខ្លួន ក្លាយជាគ្រូបង្វឹកថ្នាក់ជាតិ បន្តវេនជំនាន់ក្រោយៗ ។ ហើយក៏ជាក្តីសង្ឃឹម សម្រាប់ខេមរសហព័ន្ធតេក្វាន់ដូ នៃការផ្សព្វផ្សាយ ប្រភេទកីឡាតេក្វាន់ដូWT ឲ្យបានទូលំទូលាយ ក្នុងក្របខណ្ឌទូទាំងប្រទេស នាពេលអនាគត ហើយក៏ត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិនានា។

ការរៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូថ្នាក់ជាតិនាពេលនេះ គោលដៅចង់ឲ្យសិក្ខាកាម យកទៅបង្ហាត់នៅ តាមទីតាំងរៀងៗខ្លួន សម្រាប់ត្រៀមចូលរួមកម្មវិធីប្រកួតកីឡាតេក្វាន់ដូWTនានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ វគ្គនេះរក្សាបាននូវសុវត្ថិភាព-សុខភាពដល់សិក្ខាកាម និងអ្នកចូលរួមទាំងអស់ ព្រមទាំងធ្វើឲ្យសិក្ខាកាមទាំងអស់ បានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីក្រេបយកចំណេះដឹង អំពីជំនាញគ្រូបង្វឹកកីឡាតេក្វាន់ដូWT នាពេលនេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top