កីឡា

លោក ផាត់ បញ្ញាសុជាតក៍ ៖ វគ្គនេះធ្វើឡើង ដើម្បីក្នុងគោលបំណងចម្បង រៀបចំការប្រកួត កីឡាជាតិលើកទី៤ និងកីឡាជាតិ ជនពិការ លើកទី២

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសជាតិ NTO កីឡាលើកទម្ងន់ កម្រិត១បានបិទបញ្ចប់ ដោយជោគជ័យ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ធ្វើឡើងក្នុង គោលបំណងចម្បង រៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ រួមទាំងសម្រួចត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ ។

លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធាន សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា តំណាងលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា បានលើកឡើងថា តាមរយៈវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសជាតិ NTO កីឡាលើ កទម្ងន់ នាពេលនេះ លោកជឿជាក់ថា សិក្ខកាមចូលរួមទាំងអស់ បានខិតខំប្រឹងប្រែង ក្រេបយកចំណេះដឹង ពីគ្រូឧទ្ទេស ដើម្បីអភិវឌ្ឍ សមត្ថភាព ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងគោលដៅជួយពង្រឹងការ អភិវឌ្ឍវិស័យកីឡាលើក ទម្ងន់កម្ពុជាឱ្យ កាន់តែរឹងមាំបន្ថែមទៀត។

ជាមួយគ្នានេះ លោកអនុប្រធានក៏ បានថ្លែងអំណរគុណ ដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែផ្តល់ កញ្ចប់ថវិកាប្រចាំឆ្នាំ ដល់សហព័ន្ធកីឡាជាតិនានា រួមទាំងសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា ដើម្បីជួយជ្រោមជ្រែង ដល់ដំណើរការ អភិវឌ្ឍប្រភេទកីឡាអូឡាំពិក មួយនេះ អាចមានលទ្ធភាពអភិវឌ្ឍទាំងថ្នាក់ជាតិ និងអន្តរជាតិនា ពេលបន្តបន្ទាប់ ជាពិសេសគោលដៅចម្បងឆ្ពោះ ទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) ឆ្នាំ២០២៩ នៅកម្ពុជាផងដែរ ។

oplus_0

លោក ផេង ប៉ាក អគ្គលេខាធិការស្តីទី សហព័ន្ធកីឡា លើកទម្ងន់កម្ពុជាគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្ត្រីប ច្ចេកទេសជាតិ NTO កីឡាលើកទម្ងន់ ដើម្បីរៀបចំការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក៏ដូចជារៀបចំការប្រកួតជើងឯកថ្នាក់ជាតិ និងអន្តរជាតិ ឆ្ពោះទៅការប្រកួត កីឡាយុវជនអាស៊ី (Asian Youth Games) ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ផេង ប៉ាក ជម្រាបជូនថា សិក្ខាសាលានេះ មានរយៈពេល០៤ថ្ងៃ ដោយមានសិក្ខាកាម ចូលរួមសរុបចំនួន ២៥នាក់ (ស្រី ១១នាក់) មកពីរាជធានី-ខេត្តចំនួន ១០ ។ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា រៀបចំសិក្ខាសាលាក្នុងគោលបំណង ចង់ឱ្យមន្ត្រីបច្ចេកទេសទាំងអស់ ចូលរួមចំណែក ពង្រឹងសមត្ថភាព និងការទទួលខុសត្រូវ ក្នុងការរៀបចំការប្រកួតកីឡា លើកទម្ងន់កម្ពុជា ជាលក្ខណៈជាតិ និងអន្តរជាតិ ដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់។ វគ្គសិក្ខាសាលាលើកនេះមានគ្រូ ឧទ្ទេសចំនួន ៣នាក់ រួមមាន លោក ផេង ប៉ាក លោកស្រី ពៅ គាថា កញ្ញា គង់ កែវមរកត
ដែលបានចែក រំលែកចំណេះដឹង ស្តីពីតួនាទីមន្ត្រីបច្ចេកទេស តួនាទីគណៈវិនិច្ឆ័យ តួនាទីនាយកការប្រកួត តួនាទីអាជ្ញាកណ្តាល តួនាទីប្រធានកំណត់និងផ្លាស់ប្តូរទម្ងន់ តួនាទីប្រធានបច្ចេកទេស តួនាទី ប្រធានកំណត់ថិរវេលា តួនាទីលេខាប្រកួត តួនាទីប្រធានបន្ទប់ថ្លឹងទម្ងន់និងព័ត៌មាន តួនាទីអ្នកប្រកាស ក្នុងពេលប្រកួត តួនាទីវេជ្ជបណ្ឌិត តួនាទីក្រុម ផ្លាស់ទម្ងន់បច្ចេកទេស SNATCH បច្ចេកទេស ឃ្លីន C&J គុណតម្លៃគ្រូបង្វឹក អាកប្បកិរិយាគ្រូ ការលើកទឹកចិត្ត គ្រូ និងការណែនាំផ្សេងៗ។

oplus_16

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល និងឆ្លងកាត់ការធ្វើតេស្ត សមត្ថភាពយ៉ាងសុក្រឹត្យ ខ្ញុំបាទសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលរបស់សិក្ខាកាមគ្រប់រូប ។ ជាចុងក្រោយក្នុងនាមជាអគ្គលេខាធិការស្តីទី និងជាគ្រូឧទ្ទេស លោក ផេង ប៉ាក បានទទួចដល់សិក្ខាកាមទាំងអស់បន្ទាប់ពីអនុវត្តនផ្ទាល់ ត្រូវយកចិត្តទុកដាក់ស្វែងយល់សិក្សា ស្រាវជ្រាវបន្ថែមនូវចំណេះដឹង និងការទទួលខុសត្រូវ របស់មន្ត្រីបច្ចេកទេសបន្ថែមទៀត ព្រមទាំងចែករំលែកបទពិសោធន៍ល្អៗ ឱ្យគ្នាទៅវិញទៅមកជំនាញ និងស្វែងយល់ពីតួនាទីភារកិ ច្ចដើម្បីយកទៅអនុវត្តឱ្យមានតម្លាភាព និងបំពេញការងារពេលប្រកួតរបស់កីឡាករ ឈានទៅរកឃើញកីឡាករ កីឡាការិនី ដែលមានសមត្ថភាព និងមានគុណផលល្អពិតប្រាកដ៕

Most Popular

To Top