កីឡា

សាលាឯកជនល្បីៗ នៅប្រទេសព័រទុយហ្គាល់ បដិសេធកូន របស់កីឡាករបាល់ទាត់ Ronaldo

VN Express

ព័រទុយហ្គាល់ ៖ ប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់ បាននិយាយថា កីឡាករបាល់ទាត់ឆ្នើម របស់ប្រទេសព័រទុយហ្គាល់ Ronaldo បានព្យាយាមចុះឈ្មោះកូន របស់លោកឲ្យចូលរៀននៅសាលា St. Julian’s School ដ៏ល្បីល្បាញ ប៉ុន្តែមិនត្រូវបានទទួលយកឡើយ។

យោងតាម AS បានឲ្យដឹងថា លោក Ronaldo គ្រោងនឹងត្រឡប់ទៅប្រទេសកំណើត របស់លោកវិញ នៅព័រទុយហ្គាល់ជាមួយមិត្តស្រីរបស់លោក គឺនាង Georgina Rodriguez ខណៈវិមានដ៏ធំរបស់ពួកគេនៅ Cascais ជិតទីក្រុង Lisbon កំពុងត្រូវបានសាងសង់ ។ ទោះជាយ៉ាងណាក៏ដោយ ផែនការនោះត្រូវបានប្រឈម នៅពេលប្តីប្រពន្ធមួយគូនេះព្យាយាមស្វែង រកសាលារៀនសម្រាប់កូនទាំង ៥ នាក់របស់ពួកគេនៅទីនោះ។

លោក Ronaldo និងនាង Rodriguez ត្រូវបានគេមើលឃើញថា បានទៅលេងសាលា St. Julian ជាស្ថាប័នឯកជន របស់ចក្រភពអង់គ្លេស ដែលស្ថិតក្នុងចំណោមស្ថាប័ន ដ៏មានកិត្យានុភាពបំផុតនៅ ប្រទេសព័រទុយហ្គាល់ ។ សាលារៀននេះ គឺជាកន្លែងដែលក្មេងៗ នៃគ្រួសារអ្នកមាន និងអ្នកមានអំណាចបំផុត ក្នុងតំបន់បានចុះឈ្មោះចូលរៀន ដែលមានអាយុពី ៣ ទៅ ១៨ ឆ្នាំ ។ ប្តីប្រពន្ធមួយគូនេះត្រូវបានគេនិយាយថា បានពិភាក្សាអំពីលទ្ធភាព នៃការចុះឈ្មោះសម្រាប់កូនរបស់ពួកគេ នៅសាលា ប៉ុន្តែត្រូវបានបដិសេធ។

V+Fama បាននិយាយថា ភាពឯកជន គឺជាហេតុផលដែល St. Julian មិនចង់ឲ្យកូនរបស់លោក Ronaldo នៅសាលានោះទេ ព្រោះពួកគេចង់ការពារ សិស្សដទៃទៀត ហើយមិនមែនសម្រាប់សាលាក្លាយជាប្រភពព័ត៌មាន ឥតឈប់ឈរនោះទេ ។

កីឡាករ Ronaldo និងនាង Rodriguez រួមជាមួយកូន ៥ នាក់របស់ពួកគេកំពុងរស់នៅអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលលោកបានលេងឲ្យ Al Nassr តាំងពីដើមឆ្នាំ ២០២៣ ។ កិច្ចសន្យារបស់ខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំជាមួយក្លឹបអារ៉ាប់នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៥ ។

ក្រៅពីផ្ទះនៅ Cascais Ronaldo ក៏មានផ្ទះវីឡានៅ Lisbon និងស្រុកកំណើត Funchal ដែរ។ លោកក៏មានទ្រព្យសម្បត្តិនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្បាញ ជាកន្លែងដែលលោករស់នៅ ៩ ឆ្នាំកំឡុងពេលលោកលេងឲ្យក្លឹប Real Madrid ៕

Most Popular

To Top