អ្នកចាត់ការរបស់ក្លឹប Qarabag លោក Gurbanov មានការខឹងសម្បារជាខ្លាំងរឿងក្រុមរបស់លោកត្រូវជាប់គាំងក្នុងការធ្វើដំណើរចំនួន២ម៉ោងកន្លះមុនការប្រកួតចាប់ផ្ដើម រវាងក្រុមរបស់លោកនិងក្រុមម្ចាស់ផ្ទះ Tottenham Hotspur ដែលបញ្ចប់ទៅដោយក្រុមរបស់លោកចាញ់៣-០ក្នុងការប្រកួត UEFA Europa League កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
អ្នកចាត់ការខាងលើបានលើកឡើងក្នុងបទសម្ភាសន៍ក្រោយពេលចប់ការប្រកួតថា គ្រប់គ្នាសាកស្រមៃមើលថាក្រុមរបស់ខ្លួនត្រូវបានជាប់គាំងចំនួន២ម៉ោងកន្លះមុនពេលប្រកួតចាប់ផ្ដើមថាមានអារម្មណ៍បែបណា។ លោកមិនប្រើហេតុផលនេះជាលេសសម្រាប់ការចាញ់ក្រុមម្ចាស់ផ្ទះ Spurs នោះទេ លោកដឹងថាក្រុមម្ចាស់ផ្ទះគេខ្លាំង ប៉ុន្តែក៏មិនគួរណាបណ្ដាលឲ្យមានរឿងបែបនេះកើតឡើងបានដែរ។
អ្នកចាត់ការដដែលបានបន្ថែមទៀតថា ក្រុមរបស់លោកត្រូវបានគេប្រាប់ឲ្យត្រៀមខ្លួនចូលទីលានប្រកួត បន្ទាប់ពីមកដល់ទីលានតែ៤០នាទី។ ដូច្នេះតើគ្រប់គ្នាគិតមើលថាតើក្រុមអាចរៀបចំយ៉ាងណានឹងទាន់ពេលវេលាទៅ ក្រុមរបស់លោកមិនបោះបង់ការប្រកួតចោលទេ ដ្បិតថាមានរឿងបែបនេះក៏ដោយ ព្រោះវាជាទំនួលខុសត្រូវមួយសម្រាប់ក្រុមរបស់លោក៕