កីឡា

លោក កែ ប៊ុនខៀង៖កោតសរសើរ និងវាយតម្លៃខ្ពស់គណៈកម្មការរៀបចំសិក្ខាសាលា និងការប្រកួតប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពជោគជ័យ

ភ្នំពេញ៖លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ព្រមទាំងប្រធាននាយកដ្ឋានកីឡានាថ្ងៃទី៣០ ខែកញ្ញា នេះបានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាបាល់បោះ៣x៣ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ២០២៤ និងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយនូវគោលការណ៍សំខាន់ៗ និងទិសដៅអភិវឌ្ឍកីឡាសិស្ស និស្សិតកម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។


លោក ប៉ុន សុខ បានមានប្រសាសន៍ថា សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយគោលការណ៍សំខាន់ៗ និងទិសដៅអភិវឌ្ឍកីឡាសិស្ស និស្សិតកម្ពុជា” ការប្រកួតកីឡាបាល់បោះជ្រើសរើសជើងឯក សាកលវិទ្យាល័យឆ្នាំ២០២៤ ក្នុងគោលដៅដើម្បីផ្សព្វផ្សាយនូវគោលការណ៍សំខាន់ៗ និងនីតិវិធីចុះឈ្មោះចូលជាសមាជិក សហព័ន្ធកីឡា សិស្ស និស្សិតកម្ពុជា ដល់មន្រ្តីទទួលបន្ទុកកីឡាសិស្ស និស្សិត តាមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស សាធារណៈ និងឯកជន។ ជាពិសេសផ្តល់ឱកាសឱ្យសិស្ស និស្សិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាបានចូលរួមហ្វឹកហាត់ និងលេងកីឡាឲ្យបានទូលំទូលាយ។


លោកអគ្គនាយកបានបន្តថា ទាំងការប្រកួត និងសិក្ខាសាលា ទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា មានកិច្ចសហការចូលរួមនាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសសាធារណៈ និងឯកជន និងសហព័ន្ធកីឡាបាល់បោះកម្ពុជា។ ទាំងសិក្ខាសាលា និងការប្រកួត គឺដើម្បីបុព្វហេតុ គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ក្នុងការពង្រឹង ពង្រីកចលនាកីឡាសិស្ស និស្សតនៅតាមគ្រឹះស្ថានសិក្សាបានហាតប្រាណ និងលេងកីឡា ស្របតាម តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវជំរុញផ្សព្វផ្សាយទិសស្លោក “យុវជនម្នាក់លេងកីឡាមួយប្រភេទកីឡាប្រចាំជីវិត” និង “ប្រជាជនម្នាក់ហាត់កីឡាមួយប្រភេទកីឡាប្រចាំជីវិត” សិក្ខាសាលា និងការប្រកួតប្រព្រឹត្តទៅដោយរលួន និងទទួលបានជោគជ័យតាមការគ្រោគទុក។


លោក កែ ប៊ុនខៀង បានថ្លែងឲ្យដឹងថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត អង្គភាពពាក់ព័ន្ធ ប្រតិភូកីឡា បានសហការគ្នារៀបចំការប្រកួតនេះឲ្យប្រព្រឹត្តទៅដោយរលូនទៅតាមការគ្រោងទុក ប្រកបដោយភាពជោគជ័យ និងបរិយាកាសសប្បាយរីករាយ និងសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះគ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ បានចូលរួមនិងខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព គោរពបាននូវបទបញ្ជានៃការប្រកួត និងទទួលបានលទ្ធផលល្អប្រសើរ និងកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ដែលបានដឹកនាំ និងគ្រប់គ្រងការប្រកួតស្របតាម គោលការណ៏បច្ចេកទេស ប្រកបដោយយុត្តិធម៌ និងតម្លាភាព ហើយរកឃើញនូវកីឡាករ-កីឡាការិនីឆ្នើមទទួលបានជ័យលាភីនៃការប្រកួតនៅពេលនេះ ។


លោករដ្ឋលេខាធិការ ក្រសួងអប់រំ បានបញ្ជាក់ថា លើសពីនេះទៀតនោះ ការរៀបចំសិក្ខាសាលាសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បានដំណើរការពេញ៣ថ្ងៃ យើងបានស្តាប់ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស បានទស្សនាវីដេអូឃ្លីបអំពីសកម្មភាព និងបានស្គាល់ពីសញ្ញាណខ្លះៗពាក់ព័ន្ធបេសកកម្ម និងខ្សែបណ្តោយរបស់សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ហើយដើម្បីឲ្យសកម្មភាពកីឡាសិស្ស និស្សិតនេះដំណើរការទៅបាន គឺតម្រូវឱ្យមានការចូលរួមខិតខំប្រឹងប្រែង យកចិត្តទុកដាក់ និងចូលរួមអនុវត្តទាំងអស់គ្នា ។


ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាតែឯកឯង ពិតជាមិនអាចធ្វើកិច្ចការអភិវឌ្ឍ និងរីកចម្រើនរឹងមាំបានទេ បើមិនមានការចូលរួមគាំទ្រទាំងស្មារតី កម្លាំងកាយ និងមធ្យោបាយពីគ្រប់ផ្នែកសំខាន់ៗ ដូចជារាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ គ្រប់ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ ជាពិសេសបំផុត គឺតួនាទី និងការរួមចំណែក ដែលមិនអាចខ្វះបានរបស់សមាជិកនៃសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា រួមមាន សមាគមក្លឹបកីឡានៅតាមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស។


បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលមានសម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានចាត់ទុកថា ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ “កីឡាកសាងមនុស្ស មនុស្សកសាងសង្គម”៕

Most Popular

To Top