កីឡា

ខេត្តព្រះសីហនុ នឹងប្រារព្ធពិធីរត់ភ្លើង កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ២០២៤ នៅថ្ងៃទី ១២ ខែតុលា

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នេះ ការប្រារព្ធពិធីរត់ភ្លើងគប់ នឹងប្រព្រឹត្តទៅ នៅតាមបណ្តាខេត្ត រួមមានខេត្តកែប បានប្រារព្ធពិធីនាថ្ងៃ ៥ តុលា ២០២៤ ឆ្ពោះទៅខេត្តព្រះសីហនុ នឹងប្រារព្ធពិធីនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៤ ខេត្តកំពង់ឆ្នាំងនឹងប្រារព្ធពិធីនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤ ខេត្តស្វាយរៀង នឹងប្រារព្ធពិធីនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤ និងខេត្តកណ្តាល នឹងប្រារព្ធពិធីនៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៤ ចេញដំណើរពីទីកន្លែង ប្រារព្ធពិធីបើកការដ្ឋានសាងសង់ព្រែកជីហ្វូណន តេជោមកបញ្ចប់នៅ កីឡដ្ឋានជាតិអូឡាំពិក ។

ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងប្រារព្ធពិធីបើកក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ពិធីបិទការប្រកួតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកីឡដ្ឋានជាតិ អូឡាំពិក។

ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤នេះ មាន ៤៣ប្រភេទកីឡា មាន ៣៧២វិញ្ញាសាប្រកួត ក្នុងនោះកីឡាជាតិលើកទី៤ មាន ៣៦ប្រភេទកីឡា មាន ៣២៨វិញ្ញាសា ប្រកួត និងកីឡាជាតិជនពិការ មាន ៧ប្រភេទកីឡា មាន ៤៤វិញ្ញាសាប្រកួត ។ ដោយឡែកខេត្តកែបយើង ក៍បានរៀបចំក្រុមកីឡាចំនួន ១៣ប្រភេទ មាន ៥៧វិញ្ញាសាប្រកួត ដែលមាន ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកសរុបចំនួន ១០៤នាក់ ក្នុងនោះមាន៖ កីឡាជាតិលើក ទី៤ ចំនួន៩ប្រភេទកីឡា មាន៤២វិញ្ញាសាប្រកួត មានគ្រូបង្វឹក គ្រូដឹកនាំ និងអត្តពលិកសរុបចំនួន ៨០នាក់ ស្រី ២២នាក់ និងកីឡាជាតិជនពិការលើកទី២ មាន ០៤ប្រភេទកីឡា មាន១៥វិញ្ញាសាប្រកួត មានគ្រូបង្វឹក គ្រូដឹកនាំ និងអត្តពលិកសរុបចំនួន ១៩នាក់ ស្រី ០៦នាក់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ នាឆ្នាំ២០២៤នេះផងដែរ។

អត្តន័យឡូហ្គូកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ៖ មានរូបតំណាង នាគ ភ្លើងគប់ និងផ្ការំដួល។ និមិត្តសញ្ញារូប នាគ គឺបានដកស្តង់ចេញពីសៀវភៅក្បាច់ខ្មែរ ដែលរចនាបថរបស់ខ្មែរ ហើយនឹង តំណាងឲ្យភាពរីកចម្រើនលូតលាស់ទៅមុខជានិច្ច។ និមិត្តសញ្ញារូប ភ្លើងគប់ គឺតំណាងឲ្យ “ក្តីសង្ឃឹម ការចូលរួម មិត្តភាព សុច្ឆន្ទៈ និងសន្តិភាព និងនិមិត្តសញ្ញារូប ផ្ការំដួល គឺតំណាងឱ្យជាតិខ្មែរទាំងមូលពិធីរត់ភ្លើងគប់ ដើម្បីឃោសនាអប់រំផ្សព្វផ្សាយបញ្ញាបទៅក្នុងយុទ្ធនាការខ្លឹមសារសំខាន់ៗចំនួន៥។

យុទ្ធនាការខ្លឹមសារសំខាន់ៗចំនួន៥រួមមានទី១. កីឡារស់នៅក្នុងសន្តិភាព ទី២.ប្រជាជនម្នាក់តលេងកីឡាមួយប្រភេទប្រចាំជីវិត ទី៣.កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី ទី៤.កីឡាបៃតង កីឡាស្អាតស្អំ និងទី៥. កីឡាគ្មានសារធាតុដូប៉ា-ដូពីង ។

ពិធីរត់ភ្លើងគប់ក៍បានបង្ហាញជូនសាធារណៈជនទាំងជាតិ និងអន្តរជាតិជ្រាបថា ដំណើការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងចាប់ផ្តើមដំណើការប្រកួតចាប់ពីថ្ងៃទី ២៩ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តារាជធានី-ខេត្ត ចំនួន ០៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកែបខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង៕

Most Popular

To Top