ភ្នំពេញ ៖ កញ្ញា ពេជ្រ សុគន្ទារី ជាកីឡាការិនី និងសិក្ខាកាមម្នាក់ចូលរួមសិក្សា វគ្គបណ្ដុះបណ្ដាលគ្រូកីឡា កាយវប្បកម្មថ្នាក់ មូលដ្ឋានជំនាន់ទី ២ បានប្រាប់ឲ្យដឹងថា កញ្ញាបានចំណាយពេលអស់រយៈ ៤៥ ថ្ងៃ ក្នុងការសិក្សាវគ្គបណ្ដុះបណ្ដាល គ្រូកីឡាកាយវប្បកម្មថ្នាក់មូលដ្ឋាន ជំនាន់ទី ២ ដើម្បីពង្រឹង និងបន្ថែមសមត្ថភាពថែមទៀត លើប្រភេទកីឡាកាយវប្បកម្មនេះ និងអត្ថប្រយោជន៍ នៃការប្រកួតហ្វឹកហាត់កាយវប្បកម្ម។
កីឡាការិនីរូបនេះបានលើកឡើងក្នុងឱកាសពិធីវគ្គបណ្ដុះបណ្ដាលគ្រូកីឡាកាយវប្បកម្មថ្នាក់មូលដ្ឋានជំនាន់ទី ២ បានបិទបញ្ចប់កាលពីពេលថ្មីៗនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោក អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តខេត្តព្រៃវែង និងប្រធានកិត្តិយសសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា និងលោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា និងលំហាត់ប្រាណកម្ពុជា ព្រមទំាងសិក្ខាកាមទំាំងអស់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
កីឡាការិនី ពេជ្រ សុគន្ទារី បានបញ្ជាក់ថា ការសិក្សារយៈ ៤៥ ថ្ងៃនោះ ទៅលើផ្នែកសាច់ដុំ ផ្នែសន្លាក់ និងផ្នែកសរសៃរ វាមានសារសំខាន់ណាស់ យើងមិនចេះតែហាត់ ឲ្យចេញរៀងឡើយ ជាពិសេសរបរអាហារទទួលទាន របស់អ្នកហាត់កីឡាកាយវប្បកម្ម ក្រោយពីកញ្ញាបានរៀន វគ្គខាងលើបានធ្វើឲ្យ នាងដឹង កាន់តែច្បាស់ពីចំណុចខ្វះខាត។ ដូច្នេះអ្នកហាត់កីឡាកាយវប្បកម្មត្រូវហាត់ឲ្យបានត្រឹមត្រូវ និងទទួលទានអាហារ ឲ្យបានត្រឹមត្រូវ យើងទទួលបានរូបរាងស្អាត ប៉ុន្តែយើងមិនដឹងថារងផលប៉ះពាល់ដល់ផ្នែសន្លាក់ សាច់ដុំ និងសរសៃរ ដែលធ្វើឲ្យយើងមានបញ្ហានៅពេលក្រោយ។
កីឡាការិនីរូបនេះបានបន្តថា ការសិក្សានេះធ្វើឲ្យកញ្ញាយល់ដឹងខ្លាំង ហើយនឹងយកចំណេះដឹងទំាងនេះ មកបង្ហាត់បង្ហៀនកូនសិស្សរបស់នាង ដើម្បីឲ្យពួកគាត់ជៀសវាងជួបបញ្ហានៅពេលក្រោយ និងធ្វើឲ្យពួកគាត់មានសុខភាពល្អ រូបរាងថែមទៀតផង។
លោកស្រី អេមី ជាអគ្គលេខាធិការសហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាថា កីឡាការិនី ពេជ្រ សុគន្ទារី កំពុងធ្វើការហ្វឹកហាត់ធ្វើសាច់ដុំ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា កាយវប្បកម្មជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥ នៅប្រទេសថៃ ។ សព្វថ្ងៃនេះសហព័ន្ធកីឡា កាយវប្បកម្មកម្ពុជា និងលំហាត់ប្រាណកម្ពុជា កំពុងពង្រឹងការហ្វឹកហាត់កីឡាករ-កីឡាការិនី ត្រៀមចេញចូលរួមការ ប្រកួតកម្រិតអន្តរជាតិ នានានៅឆ្នាំ២០២៤ និងឆ្នាំ២០២៥៕
ដោយ៖លី ភីលីព