ភ្នំពេញ ៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានត្រៀមបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាទូកនាគ ជ្រើសរើសជើងឯក ពិភពលោក ឆ្នាំ២០២៤ “2024 ICF Dragon Boat World Championships “ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង Puerto Princesa ប្រទេសហ្វីលីពីន នាពេលខាងមុខនេះ។

លោក គង់ សុភាព លោកគ្រូបង្វឹកជំនួយ ក្រុមជម្រើសជាតិទូកបាននិយាយថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីទូកនាគកម្ពុជា មានចំនួន ១៧ នាក់ក្នុងនោះ ប្រធានគណៈប្រតិភូ ១ នាក់ គ្រូបង្វឹក ១ នាក់ គ្រូជំនួយ ១ នាក់ កីឡាករ ៩ នាក់ និងកីឡាការិនី ៥ នាក់។

សព្វថ្ងៃនេះកីឡាករ-កីឡាការិនីទូកនាគកម្ពុជា ធ្វើការហ្វឹកហាត់ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង យ៉ាងសកម្ម ក្នុងការត្រៀមខ្លួន ចូលរួមការប្រកួត ដើម្បីដណ្តើមមេដាយជូនជាតិ ។

លោកគ្រូបង្វឹកជំនួយបានបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាទូកនាគជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៤ ទូកនាគកម្ពុជាចូលរួមប្រកួត ៣ វិញ្ញាសាបុរស-នារី (ចម្រុះ) ប្រកួតប្រជែងចម្ងាយ ៥០០ ម៉ែត្រ ចម្ងាយ ២០០ ម៉ែត្រ និងចម្ងាយ ២០០០ ម៉ែត្រ ។ ការប្រកួតលើកនេះទូកមានចំណុះ ១២ នាក់ទំាងបុរស ទំាំងនារី៕

