ភ្នំពេញ ៖ អាជ្ញាកណ្តាល និងចៅក្រមជាតិ របស់សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា បានប្រឡងជាប់ ជាអាជ្ញាកណ្តាល និងចៅក្រមកម្រិតអន្តរជាតិ ឆ្នាំ២០២៤ ចំនួន ៨ នាក់ បន្ទាប់ពីអ្នកទំាង ៨ នាក់ បានឆ្លងកាត់ការប្រឡង់យ៉ាងតឹងតែង កាលពីមុនអំឡុងពេល SEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ សហព័ន្ធមានអាជ្ញាកណ្តាលអន្តរជាតិ ៧ នាក់រួចមកហើយ ។

លោក ហេង សុខជាតិ អគ្គលេខាធិការ រងរបស់សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា នាពេលនេះ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា មានអាជ្ញាកណ្តាល និងចៅក្រមកម្រិតអន្តរជាតិ រហូតដល់ ៨ នាក់ បន្ទាប់ពីពួកគាត់ប្រឡងជាប់កម្រិតនេះ ។ អាជ្ញាកណ្តាល និងចៅក្រមកម្រិតអន្តរជាតិរបស់កម្ពុជារួមមាន កញ្ញា លាង ចន្ធី អ្នកស្រី ប៉ាវ សារៀម លោក ឡេក វណ្ណដា លោក លោក អ៊ិន មីឌី លោក ឡាំ ស៊ីដាវុទ្ធ លោក សេង ប៉ោពិសិដ្ឋ លោក ជុង វុឌ្ឍូ និងលោក ប៊ុន វិសាល ។

លោកអគ្គលេខាធិការរងបានបន្ថែមទៀតថា ការប្រកួតកីឡាជាតិលើទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ២០២៤ លើប្រភេទ កីឡាវាយកូនឃ្លីលើតុ អាជ្ញាកណ្តាល និងចៅក្រម ទំាង៨ នាក់ នឹងចូលរួមធ្វើអាជ្ញាកណ្តាល កាត់ក្តីលើ ទីលាន របស់សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ។ កាលពីមុនអំឡុងពេល SEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ សហព័ន្ធមានអាជ្ញាកណ្តាលអន្តរជាតិត្រឹមតែ ៧ នាក់ បូកបន្ថែម ឆ្នាំ២០២៤ ៨នាក់ទៀត សរុបពេលបច្ចុប្បន្នមានរហូតដល់ ១៥ នាក់ ។

សហព័ន្ធសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាកណ្តាលអន្តរជាតិ ទាំងអស់នឹងយកជំនាញ របស់ខ្លួន មកជួយលើកស្ទួយ និងអភិវឌ្ឍនលើវិស័យកីឡានេះ អោយរីកចំរើន តទៅមុខ ទាំងលើឆាកជាតិ និងអន្តរជាតិ ដែលសហព័ន្ធធ្វើការដឹកនាំ ដោយលោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ព្រមទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិសរុបមានចំនួន ១៩នាក់ ៕





