ភ្នំពេញ ៖ លោក ហេង សុខជាតិ អគ្គលេខាធិការរង របស់សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា អាជ្ញាកណ្តាលជាតិ របស់សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ដែលបានប្រឡងជាប់ ជាអាជ្ញាកណ្តាលកម្រិត អន្តរជាតិឆ្នាំ២០២៤ ចំនួន ៨ នាក់បានខិតខំប្រឹងប្រែង សិក្សាជាមួយគ្រូឧទ្ទេសជាតិ និងអន្តរជាតិយ៉ាងសកម្ម ដែលធ្វើឲ្យលោកកោតសរសើរ និងវាយតម្លៃខ្ពស់លទ្ធផលនេះ។

លោក ហេង សុខជាតិ តំណាងលោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បាននិយាយថា អាជ្ញាកណ្តាលជាតិ ៨ នាក់តែងតែចូលរួមគ្រប់សកម្មភាព របស់សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ដែលបានរៀបចំការប្រកួតនានា រួមទំាងការប្រកួតកីឡាសិស្សបឋមសិក្សា ធម្យម ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិជាដើម ។

អគ្គលេខាធិការរងបានបញ្ជាក់ថា សហព័ន្ធសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាកណ្តាលអន្តរជាតិទាំងអស់ នឹងយកជំនាញរបស់ខ្លួនមកជួយលើកស្ទួយ និងអភិវឌ្ឍនលើវិស័យកីឡានេះ អោយរីកចំរើនតទៅមុខ ទាំងលើឆាកជាតិ និងអន្តរជាតិ ដែលសហព័ន្ធធ្វើការដឹកនាំដោយលោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ព្រមទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិសរុបមានចំនួន ១៩នាក់ ។
អាជ្ញាកណ្តាលកម្រិតអន្តរជាតិ ដែលប្រឡង ៨ នាក់របស់សហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជារួមមាន កញ្ញា លាង ចន្ធី អ្នកស្រី ប៉ាវ សារៀម លោក ឡេក វណ្ណដា លោក អ៊ិន មីឌី លោក ឡាំ ស៊ីដាវុទ្ធ
៦-លោក សេង ប៉ោពិសិដ្ឋ លោក ជុង វុឌ្ឍូ លោក ប៊ុន វិសាល៕






