កំណត់ត្រាមិនចាញ់សោះក្នុងពានរង្វាន់កម្រិតកំពូលនាតំបន់អឺរ៉ុប UEFA Champions League របស់ក្រុមបិសាចក្រម Manchester United ចំនួន ២៥ ប្រកួតជាប់ៗគ្នាដែលបានសាងឡើងដោយលោកគ្រូតា Sir Alex Ferguson នោះ ត្រូវបំបែកបានហើយដោយលោក Pep Guardiola ដឹកនាំ Manchester City មិនចាញ់សោះនៅពានរង្វាន់១នេះចំនួន ២៦ប្រកួតជាប់ៗគ្នា បូកទាំងការប្រកួតយកឈ្នះទៅលើក្រុម Sparta Prague កាលពីយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទឹកដីរបស់មេឃខៀវ។
គេនៅចាំបានថា កាលជំនាន់លោកគ្រូតា Sir Alex ដឹកនាំចន្លោះខែកញ្ញា ឆ្នាំ២០០៧- ដល់ខែឧសភា ២០០៩ ពេលនោះគ្មានក្រុមណាលេងឈ្នះក្រុមលោកឡើយក្នុងពាន UEFA Champions League ដោយក្នុងនោះលេង២៥ប្រកួតឈ្នះ២០ និងស្មើ៥។ បើគិតពីពេលនោះមកដល់ពេលនេះវាមានរយៈពេល១៥ឆ្នាំហើយ ដែលគ្មានក្រុមណាអាចធ្វើបាន ឬបំបែកកំណត់ត្រាដ៏ល្អមួយនេះបាននោះទេ។
ការបំបែករបស់ក្រុម Manchester City គឺគិតចាប់ពីឆ្នាំ២០២៣ ដែលពួកគេបានគ្រងជើងឯក UEFA Champions League ដោយយកឈ្នះទៅលើ Inter Milan ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រោយមកចូលរដូវកាល ២០២៣-២០២៤ ក្រុមនេះបន្តលេងនៅ UCL ហើយឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់មួយនេះ ដោយកាលនោះប៉ះ Real Madrid បញ្ចប់ទៅក្នុងលទ្ធផល៤ស្មើគិតទាំង២ជើង និងចាញ់ដោយវគ្គប៉េណាល់ទី ខណៈដែលការចាញ់ដោយវគ្គប៉េណាល់ទីនេះគឺមិនគិតបញ្ចូលក្នុងកំណត់ត្រានេះទេ។
ដូច្នេះទើបបន្តរាប់មកដល់រដូវកាល២០២៤-២០២៥នេះ ទៀតដោយចាប់ផ្ដើម UEFA Champions League មកលេង៣ប្រកួតឈ្នះ២ និងស្មើ១គឺគ្រប់គ្រាន់សម្រាប់ Manchester City បំបែកកំណត់ត្រានេះបានដោយដោយជោគជ័យគឺលេង ២៦ ប្រកួតមិនចាញ់ទាល់តែសោះក្នុងនោះគឺឈ្នះ១៨ និងស្មើ៨។ ប្រកួតបន្ទាប់ក្នុងពានរង្វាន់ UEFA Champions League នេះមេឃខៀវ នឹងត្រូវប៉ះក្រុម Sporting របស់ព័រទុយហ្គាល់ ហើយគេនៅរង់ចាំមើលថាតើក្រុមរបស់អង់គ្លេសមួយនេះអាចបន្តកំណត់ត្រាល្អមួយនេះបានទៀតឬយ៉ាងណា៕
ប្រភព៖ Curiosity Daro Ly/sby