កីឡា

អតីតកីឡាការិនីយូដូម្ចាស់ម្ចាស់មេដាយសំរិទ្ធអូឡាំពិកទីក្រុងប៉េកាំង Misato Nakamura ចែករម្លែកចំណេះដឹងផ្នែកកីឡាយូដូដល់កុមារា-កុមារី និងក្រុមជម្រើសជាតិកម្ពុជា

ភ្នំពេញ៖ អតីតកីឡាការិនីយូដូម្ចាស់មេដាយមាសពិភពលោក ៣សម័យកាល និងម្ចាស់មេដាយសំរិទ្ធកីឡាអូឡាំពិកទីក្រុងប៉េកាំង ប្រទេសចិន Misato Nakamura នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានមកចែករម្លែកចំណេះដឹងផ្នែកកីឡាយូដូដល់កុមារា-កុមារី និងក្រុមជម្រើសជាតិកម្ពុជារយៈពេល ២ថ្ងៃ។

លោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូជម្រើសជាតិកម្ពុជាបានប្រាប់ឲ្យដឹងថា ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានសហការជាមួយខេមរសហព័ន្ធយូដូ បានអញ្ជើញអតីតកីឡាការិនីយូដូម្ចាស់មេដាយមាសពិភពលោក ៣ សម័យកាលមកចែករម្លែកចំណេះដឹងផ្នែកកីឡាយូដូដល់កុមារា-កុមារី និងក្រុមជម្រើសជាតិកម្ពុជា រយៈពេល ២ ថ្ងៃ ចាប់ថ្ងៃទី ២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៤ ។ សព្វថ្ងៃអតីតកីឡាការិនីយូដូត្រៀមបង្ហាត់កុមារា-កុមារីនៅសាលាឯកជនចំនួន២ ក្នុងទីក្រុងភ្នំពេញ។

លោក ម៉ារ វង្សវិបុល បានបន្តថា ការបង្ហាត់កុមារា-កុមារីដើម្បីឲ្យស្គាល់ប្រភេទកីឡាយូដូចាប់ពីអាយុ ៤ដល់ ៦ឆ្នាំ អាយុ ៧ ដល់ ៨ឆ្នាំ និងអាយុ ៩ ដល់ ១២ឆ្នាំ គ្រោងនេះធ្វើឡើងក្នុងការអភិឌ្ឍនប្រភេទកីឡានេះនៅកម្ពុជាឲ្យមានការរីកចម្រើនខ្លាំង ហើយនេះក៏ជាក្តីសុបិន្តរបស់លោកដែលចង់មានសកម្មភាពបែបនេះក្នុងប្រទេសកម្ពុជា។
ការអភិឌ្ឍប្រភេទកីឡាយូដូល្អ និងឆ្នើមចេញពីក្មេងដូចលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់លោកថា ការបណ្តុះបណ្តាលប្រភេទកីឡាតេក្វាន់ដូ WT ចេញពីក្មេងតាមសាលារៀនឯកជន និងរដ្ឋ ដូច្នេះខេមរសហព័ន្ធយូដូនឹងត្រៀមខ្លួនបែបនេះ។

លោកគ្រូបង្វឹកកីឡាយូដូជម្រើសជាតិកម្ពុជាបានបញ្ជាក់ថា ការបណ្តុះបណ្តាលកីឡាករ-កីឡាការិនីថ្នាលយូដូនាពេលនេះ សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យ ឆ្នាំ២០២៨ និងព្រឹត្តិការណ៍ការប្រកួតកីឡាជ្រើសរើសជើងឯកយុវជនអាស៊ី ឆ្នាំ២០២៩ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ។ លោកសូមអរគុណដល់ថ្នាក់ដឹកនាំ និងស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាដែលបានជួបឧបត្ថម្ភ៕

ដោយ៖ លី ភីលីព

Most Popular

To Top