ភ្នំពេញ ៖ នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈកម្មការ បច្ចេកទេស ដឹកនាំការប្រកួត សម្រាប់សហព័ន្ធ កីឡាជាតិាទាំង ៣៦ ក្នុងការព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នៅសាលប្រជុំរបស់មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ឆ្នាំ២០២៤ នេះមានគោលបំណងផ្តល់ ឱកាសដល់សាធារណជន បានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនី ដែលមានទេពកោសល្យ តំណាងជាតិ ចូលរួមការប្រកួត ជាលក្ខណៈអន្តរជាតិ ។
ផ្តល់លទ្ធភាពជូន សហព័ន្ធកីឡាជាតិ ដើម្បីយកការប្រកួតខាងលើ ជាការដ្ឋានសម្រាប់អនុវត្ត ការងារត្រៀម ជាម្ចាស់ផ្ទះព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយទៀតគឺការប្រកួតកីឡាយុវជន ទ្វីបអាស៊ី លើកទី៥ ឆ្នាំ២០២៩ (5th Asian Youth Games 2029) ។
ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ បានបន្តថា ផ្តល់ឱកាសដល់មន្រ្តីបច្ចេកទេស ដែលសហព័ន្ធកីឡាជាតិ បានបណ្តុះបណ្តាលហើយ បានអនុវត្តការងារជាក់ស្តែង ដើម្បីទទួលបានចំណេះដឹង និង បទពិសោធន៍ និងលើកកម្ពស់ គុណភាព នៃការរៀបចំការប្រកួត ត្រៀមលក្ខណៈឆ្ពោះទៅឆ្នាំ២០២៩ ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ប្រធានគណៈកម្មការ សហព័ន្ធកីឡាជាតិទាំង៣៦ ត្រូវបើកកិច្ចប្រជុំជា មួយគណៈប្រតិភូរាជាធានីខេត្តចូលរួម ក្នុងប្រភេទកីឡានីមួយមុន ការប្រកួតជាផ្លូវការ ដោយឲ្យគណៈប្រតិភូ ជួយសម្របសម្រួល និងដោះស្រាយទំនាស់បច្ចេកទេស មិនត្រូវបង្កឲ្យមានបញ្ហាធំអំឡុងពេលប្រកួតឡើយ។ ការប្រកួតឈ្នះចាញ់ទៅលើបច្ចេកទេស មិនមែនការប្រកួតតម្រូវយក តែឈ្នះលើគូប្រកួតទេ ហើយអ្នកដឹកនាំ និងគ្រូបង្វឹកកុំជំរុញឲ្យកីឡាករ-កីឡាការិនី ធ្វើបាតុកម្ម ដើម្បីឲ្យខួចកម្មវិធីប្រកួតឡើយ ។
រដ្ឋលេខាធិការ បានបញ្ជាក់ថា អនុគណៈកម្មការត្រួតពិនិត្យបច្ចេកទេស និងតាមដានលទ្ធផលប្រកួតអនុគណៈកម្មការនេះ មានភារកិច្ចសហការជាមួយគណៈកម្មការសហព័ន្ធកីឡាជាតិទាំង៣៦ ដើម្បីអនុវត្តបទបញ្ជារួម បទបញ្ជាបច្ចេកទេស អាជ្ញាកណ្តាល-ចៅក្រម កម្មវិធីប្រកួតផ្នែកកោសល្យវិច័យ និងដោះស្រាយទំនាស់បច្ចេកទេស។
អនុគណៈកម្មការគ្រប់គ្រងទីលាន សម្ភារប្រកួត និងតុបតែងលម្អ អនុគណៈកម្មការនេះ មានភារកិច្ចរៀបចំទីលាន រៀបចំសម្ភារៈ ឧបករណ៍បម្រើឲ្យបច្ចេកទេស អ្នកទទួលខុសត្រូវតាមទីលាន អនាម័យ និងសម្អាតការពារថែរក្សាទីលាន ។ មុនការប្រកួតត្រូវពិនិត្យមើលក្រុមពេទ្យសិន ប្រសិនបើគ្មានក្រុមពេទ្យ ការប្រកួតមិនអាចកើតឡើងបានឡើយ។ អនុគណៈកម្មការបើក បិទកម្មវិធីអនុគណៈកម្មការនេះ ជាសេនាធិការរបស់គណៈកម្មការទទួលបន្ទុករួម មានភារកិច្ចទទួលបន្ទុករៀបចំពិធីបើក និងបិទ៕