ភ្នំពេញ ៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី ទូកនាគកម្ពុជា ចំនួន១៧នាក់ ចូលរួមការប្រកួតកីឡាទូក នាគជ្រើសរើស ជើងពិភពលោក ឆ្នាំ២០២៤”2024 ICF Dragon Boat World Championships”នៅប្រទេសហ្វីលីពីន មានការចូលរួម ជូនដំណើរ ដោយ លោក វ៉ា គ្រី អគ្គលេខាធិការរង និង លោក ចាយ ស៊ីជឿន អគ្គលេខាធិការង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងមន្រ្តីសហព័ន្ធជាច្រើនរូប ។

លោក ចាយ ស៊ីជឿន បានប្រសាសន៍ថា កីឡាករ-កីឡាការិនី ត្រូវគោរពឲ្យបាននូវវិន័យសេចក្តីថ្លៃថ្នូរ រួបរួមសាមគ្គីភាព ជាធ្លុងតែមួយ ដោយប្រឹងប្រែង ប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីនាំយកនូវជម្នះជូនជាតិមាតុភូមិ ពិសេសត្រូវប្រកាន់ ភ្ជាប់នៅប្រពៃណីខ្មែរ គោរពឱនលំទោន កាយវិការទន់ភ្លន់ បង្ហាញឲ្យគេស្គាល់ថា យើងជាកីឡាករកម្ពុជា ។
ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំង២ បានក្រើនរំលឹក ដល់កីឡាករកីឡាការិនី ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការបរិភោគចំណីអាហារ បរិភោគអាហារណា ដែលមានសុវត្ថិភាព និងជួយដល់កម្លាំង និងសម្រាកឲ្យបានគ្រប់គ្រាន់។
លោក គង់ សុភាព គ្រូជំនួយសហព័ន្ធ កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបាននិយាយថា ការចូលរួមការប្រកួតជ្រើសរើស ជើងឯកពិភពលោក នៅប្រទេស ហ្វីលីនពីននេះ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនកីឡាករកីឡាការិនី ចូលរួមលើវិញ្ញាសាទូកប្រកួតចម្រុះបុរសនិងនារី ចំនួន៣វិញ្ញាសា មានដូចជា វិញ្ញាសាចម្ងាយ២០០ម៉ែត្រ ៥០០ម៉ែត្រ និង២០០០ម៉ែត្រ ។

គ្រូជំនួយរូបនេះ បានគូសបញ្ជាក់ទៀតថា គោលដៅទូកនាគកម្ពុជាយើងទៅចូលរួមលើកនេះ គឺមានពីរគោលដៅ គោលទី១ប្រជែងដណ្តើមមេដាយ ជូនជាតិពីព្រឹត្តិការណ៍ប្រកួត និងគោលដៅទី២ គឺដណ្តើមកៅអីចូលរួម ការប្រកួតជើងឯកពិភពលោក នៅប្រទេសចិនក្នុងឆ្នាំ២០២៥ ។

លោក អះអាងទៀតថា សម្រាប់ការប្រជែងក្នុងការប្រកួតជើងឯកពិភពលោកនៅប្រទេសហ្វីលីពីននេះ ថ្វីត្បិតជាការប្រកួតមានកម្រិតខ្ពស់ដែលមានប្រទេសចូលរួមសុទ្ធសឹងជាប្រទេសខ្លាំងៗជាង២០ប្រទេសចូលរួមយ៉ាងណាក្តីក៏ក្រុមទូកនាគកម្ពុជាមានក្តីសង្ឈឹមខ្ពស់ ក្នុងការប្រជែងដណ្តើមបានលទ្ធផលជូនកម្ពុជា ព្រោះក្រុមជម្រើសជាតិ យើងក៏ជាក្រុមខ្លាំងមួយ និងមានការហ្វឹកហាត់ត្រៀម ខ្លួនពុំដែលឈប់សម្រាកឡើយ ក្រោមការឧបត្ថម្ភគាំទ្រពី សំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធ ទូកកានូនិងរ៉ូអ៊ីងកម្ពុជា ។

សូមបញ្ជាក់ថា ការប្រកួតកីឡាទូកនាគជ្រើសរើសជើងពិភពលោក ឆ្នាំ២០២៤”2024 ICF Dragon Boat World Championships”នៅប្រទេសហ្វីលីពីន ដំណើរការប្រកួតចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រទេសចូលរួមជាង២០ប្រទេស៕
