ភ្នំពេញ ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និង កីឡាទទួលបាន ការអញ្ញាតិពីផ្សារទំនើប ដឺភីក (The Peak) ផ្តល់ទីតាំងប្រកួត ដល់សហព័ន្ធកីឡាគុនដាវកម្ពុជា និង ការឧបត្ថម្ភគាំទ្រ សម្រាប់ការរៀបចំការ ប្រកួតកីឡាគុនដាវ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានព្រឹត្តិការណ៍ និងសិ្ថតិក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា សហព័ន្ធកីឡាគុនដាវកម្ពុជា បានសហការ ជាមួយផ្សារទំនើប ដឺភីក រៀបចំការប្រកួតកីឡាគុនដាវ ក្នុងព្រឹត្តិការណ៍ កីឡាជាតិលើកទី៤ ដោយការប្រកួតនេះមានក្រុមកីឡាករ-កីឡាការិនីគុនដាវចំនួន ៩៩ នាក់ មកពីរាជធានី-ខេត្តចំនួន ១២ និងក្រសួងចំនួន២ ។ សហព័ន្ធកីឡាគុនដាវកម្ពុជាក៏បានរៀបចំសិក្ខាសាលា និងរៀបចំការកម្សាន្តនានា សម្រាប់មហាជនទូទៅផង ។
កីឡាគុនដាវ ជាកីឡាដែលមានប្រជាប្រិយ និង មានភាពទាន់សម័យ ដែលប្រទេសជឿនលឿនមួយ ចំនួនធំចូលចិត្ត ហ្វឹកហាត់ និងលេងកម្សាន្ត ដូចដែលបានដឹងមកហើយថា ក្នុងអំឡុងពេល អូឡាំពិកប៉ារីសឆ្នាំ ២០២៤ ការប្រកួតកីឡាគុនដាវ ត្រូវបានរៀបចំឡើងនៅ Grand Palais បេះដូងនៃទីក្រុងប៉ារីស នេះបង្ហាញពីភាពពេញនិយម និងល្បីល្បាញបំផុត នៃកីឡាគុនដាវ លើពិភពលោក។
លោកក្រសួងអប់រំ យុវជន និង កីឡាបានបន្តថា អរគុណដល់ថ្នាក់ដឹកនាំផ្សារទំនើបដឺភីក ជាផ្សារទំនើបដ៏ប្រណិតមួយ ដែលត្រៀមនឹងបើកដំណើរ ការសាកល្បងជាជំហានដំបូង នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាមួយព្រឹត្តិការណ៍ចម្រុះ ជាច្រើនក្រោមប្រធានបទ The Peak Prelude: A Journey Begins ។ ហើយក៏ជាផ្សារទំនើប ដែលបានចូលរួមចំណែក លើកស្ទួយវិស័យកីឡា ក្នុងការផ្តល់ទីតាំងប្រកួត ដល់សហព័ន្ធកីឡា គុនដាវកម្ពុជា ដើម្បីរៀបចំការប្រកួតកីឡាគុនដាវ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ព្រមទាំងបានត្រៀមខ្លួនស្វាគមន៍ សម្រាប់ការផ្តល់ទីតាំងបម្រើ ដល់ការប្រកួតកីឡាលក្ខណៈជាតិ និងអន្តរជាតិនានាផងដែរ ។
អ្នកនាំពាក្យផ្សារទំនើប ដឺភីក មានប្រសាសន៍ថា ការប្រកួតកីឡាគុនដាវ ក្នុងព្រឹត្តិការណ៍កីឡាជាតិ គឺជាព្រឹត្តិការណ៍ដ៏រំភើប មួយសម្រាប់យើងក្នុងការណែនាំ ដឺភីក ទៅកាន់សាធារណជន»។ យើងមានសេចក្តីរំភើបរីករាយ ក្នុងការចាប់ផ្តើមមុន ការបើកដំណើរ ការជាផ្លូវការរបស់យើង ជាមួយនឹងព្រឹត្តិការណ៍ជាតិ ដ៏មានកិត្យានុភាពបែបនេះ និងផ្តល់កន្លែងដ៏ស្វាហាប់ សម្រាប់អត្តពលិក ក្រុមគ្រួសារ និងសហគមន៍មូលដ្ឋាន ។ ផ្សារទំនើប ដឺភីក មិនមែនត្រឹមតែជាផ្សារ ទំនើបប្រណិត ប៉ុណ្ណោះទេ តែនឹងក្លាយជាគោលដៅនៃការដើរទិញទំនិញ រួមបញ្ចូលជាមួយវប្បធម៌ ការកម្សាន្ត និងសហគមន៍មកជាមួយគ្នា ។ ក្រៅពីផ្តល់ទីតាំងសម្រាប់ការប្រកួតលើប្រភេទកីឡាគុនដាវ ដឺភីក នឹងផ្តល់ការឧបត្ថម្ភលើ អាហារ ភេសជ្ជៈ កាដូអនុស្សាវរីយ៍ សម្រាប់ជ័យលាភីផងដែរ ។
ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡារៀបចំ ៣០ប្រភេទកីឡា នៅ៥រាជធានីខេត្ត និងកីឡាជាតិជនពិការ ត្រូវបានរៀបចំនូវជាង១០ប្រភេទកីឡាផ្សេងទៀត ។
ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ក្រោមបុព្វបទ «កីឡាជាតិដើម្បីព្រែក ជីកហ្វូណនតេជោ» ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏បានកំណត់ យុទ្ធនាការអប់រំចំនួន ៥ រួមមាន កីឡារស់ក្នុង សន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី កីឡាបៃតង កីឡាស្អាតស្អំ និងកីឡាគ្មានសារធាតុដូប៉ា-ដូពីង៕