កីឡា

ក្រុមអត្តពលិក ៧ ប្រទេសចូលរួមការប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៤ នៅកម្ពុជា

ភំ្នពេញ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រធានកិត្តិយសមួយជីវិតរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងលោក MICHEL GAUNARD ប្រធានគណៈកម្មាធិការកីឡារបស់សហព័ន្ធកីឡា ក្រោមទឹកអន្តរជាតិតំណាងសហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ (CMAS) បានអញ្ជើញក្នុងពិធីបើកការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកទទួលបាននិយាយថា ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួម៧ ប្រទេស រួមមានកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន និងកីឡាករ-កីឡាការិនីចូលរួមមាន ៦២នាក់ក្នុងនោះកីឡាករ ៣៤នាក់ កីឡាការិនី ២៨នាក់ និងប្រតិភូ គ្រូបង្វឹក គ្រូជំនួយចំនួន ៣០នាក់ នឹងមានវត្តមានមន្ត្រីគណៈកម្មការបច្ចេកទេសចំនួន ១០០នាក់ ចូលរួម ដឹកនាំ និងកាត់សេចក្តីក្នុងការប្រកួត ។

ដោយទទួលបានបានការផ្តល់សិទ្ធិពីសហព័ន្ធកីឡាក្រោមទឹកអាស៊ីអាគ្នេយ៍ និងទទួល បានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនសហព័ន្ធខ្មែរកីឡាហែលទឹក រៀបចំ ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៤ នៅ ទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

លោកអគ្គលេខាធិការបានបន្តថា គិតចាប់តាំងពីឆ្នាំ២០២២ មកដល់ពេលបច្ចុប្បន្ននេះ សហព័ន្ធខ្មែរកីឡាហែលទឹកទទួល បានមេដាយសរុបពីកីឡាហែលទឹកពាក់ជើងទា ចំនួន ១៧គ្រឿង រួមមាន៖ មេដាយមាសចំនួន ០៧គ្រឿង ប្រាក់ ០២គ្រឿង និងសំរឹទ្ធិ ០៨គ្រឿង (ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ទទួលបានមេដាយសំរឹទ្ធិ ០១គ្រឿង ការប្រកួតកីឡា Finswimming’s World Cup Round Swimming Pool 2022 នៅព្រះរាជាណាចក្រថៃ ទទួលបានមេដាយមាស ០៣គ្រឿង និងសំរឹទ្ធិ ០១គ្រឿង ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជា ណាចក្រកម្ពុជា ទទួលបានមេដាយមាសចំនួន ០២គ្រឿង ប្រាក់ ០១គ្រឿង និងសំរឹទ្ធិ ០៤គ្រឿង ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីលើកទី១៨ ឆ្នាំ២០២៣ នៅ ព្រះរាជាណាចក្រថៃ ទទួលបានមេដាយមាសចំនួន ០២គ្រឿង ប្រាក់ ០១គ្រឿង និងសំរឹទ្ធិ ០២គ្រឿង) ។

សហព័ន្ធខ្មែរកីឡាហែលទឹក បានចូលជាសមាជិករបស់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ នៅឆ្នាំ២០២២ និងត្រូវបានបង្កើតសហព័ន្ធកីឡាក្រោមទឹកអាស៊ីអាគ្នេយ៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានប្រធានសហព័ន្ធ Mr. SUPRAWEE SUKKERD ជាជនជាតិថៃ និងរូបខ្ញុំបាទ ហែម គីរី ជាអគ្គលេខាធិការ ។ នៅខេត្តភូកេតនៃព្រះរាជាណាចក្រថៃ កាលពី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាក្រោមទឹក អាស៊ីអាគ្នេយ៍ បានសម្រេចអនុញ្ញាតឲ្យសហព័ន្ធខ្មែរកីឡាហែលទឹករៀបចំខាងលើកនេះ។

តាំងនាមគណៈកម្មការរៀបចំការប្រកួត ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈអភិបាល រាជធានីភ្នំពេញ ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ក្រុមហ៊ុន Shanghai Construction Group Co.,ltd និងស្ថាប័នពាក់ព័ន្ធនានា សម្រាប់ការសហការរៀបចំកម្មវិធីប្រកួតខាងលើនេះ និងសហព័ន្ធខ្មែរ កីឡាហែលទឹកក៏ទទួលបានសហការឧបត្ថម្ភគាំទ្រពី អិន ធី ស្តីព ឯ.ក ផ្តល់ជូនអាវដ៏ស្រស់ស្អាត ជូនដល់មន្ត្រីគណៈកម្មការបច្ចេកទេស ៕

ដោយ៖ លី ភីលីព

Most Popular

To Top