កីឡា

លោក ខៀវ កាញារីទ្ធ ៖សព្វថ្ងៃ វិស័យកីឡារាំមានការអភិវឌ្ឍទាំងធនធាន និងសមត្ថភាពគួរជាទីមោទនៈ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃទាំងធនធានកីឡាករ កីឡាការិនី និងសមត្ថភាពនៃការចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដែលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

នេះជាការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ នៅក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវ បើកការប្រកួតកីឡារាំនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ CJCC រាជធានីភ្នំពេញ។

ខៀវ កាញារីទ្ធ បានបន្តថា ជាមួយនឹងការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃទាំងធនធានកីឡាករ កីឡាការិនី និងសមត្ថភាពនៃការចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដែលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈនេះ ជាពិសេសកន្លងមក កីឡាករ កីឡាការិនីរាំកម្ពុជាបានចេញទៅប្រកួតនៅវៀតណាមដណ្តើមបានមេដាយកម្រិតពិភពលោកទៀតផង។

លោកប្រធានកិត្តិយសសហព័ន្ធបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពបច្ចេកទេសដល់កីឡាករ កីឡាការិនីទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក៏ដូចជាការប្រមែលប្រមូលធនធានកីឡាករ កីឡាការិនី ដែលមានសក្តានុពលចូលរួមប្រកួតកីឡាជាតិ លើប្រភេទកីឡារាំ ត្រៀមចូលរួមប្រកួតកីឡារាំអន្តរជាតិនានា នាពេលខាងមុខនេះ។

លោក ខៀវ កាញារីទ្ធ បានផ្តាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត ចៅក្រម គណៈកម្មការ បច្ចេកទេស គ្រូបង្វឹកត្រូវឈរលើស្មារតីទទួលខុសត្រូវ ដាក់ពិន្ទុឈរលើភាពយុត្តិធ៌ម តម្លាភាព សុក្រិត្យ មិនលម្អៀង មិនប្រកាន់បក្សពួក។ ចំណែកកីឡាករ កីឡាការិនីទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់គោរពនូវបទបញ្ជាប្រកួត ត្រូវរក្សានូវស្មារតីសាមគ្គីភាព គោរពដៃគូរបស់ខ្លួន ក្នុងពេលប្រកួត ប្រឹងបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីឈានទៅដណ្តើមមេដាយសម្រាប់ប្រទេសជាតិ និងត្រៀមខ្លួនចេញទៅប្រកួតលើឆាកអន្តរជាតិនានា ជាពិសេសត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩ខាងមុខ ប្រកបដោយជោគជ័យ។ បន្ថែមពីលើនេះ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានបានអំពាវនាវផងដែរដល់សប្បុរសជន ក្រុមហ៊ុននានាមេត្តាជួយគាំទ្រវិស័យកីឡារាំ និងសូមបងប្អូនប្រជាពលរដ្ឋ យុវជន យុវតី កុមារា កុមារី នាំគ្នាហាត់កីឡា ដើម្បីសុខភាព ធ្វើឱ្យរាងកាយមាំមួន ប្រាជ្ញាវាងវៃ។

ដោយ៖ លី ភីលីព

Most Popular

To Top