ភ្នំពេញ៖ ក្រុមកីឡាការ៉ាតេក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៤ គ្រឿង ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមឈ្នះមេដាយមាស ៣ គ្រឿងនៃការប្រកួតកីឡាការ៉ាតេក្នុងពឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ដែលប្រព្រឹត្តិចាប់ថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។


ក្នុងឱកាសពិធីបិទការប្រកួតកីឡាការ៉ាតេក្នុងពឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៅថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។


ក្រុមកីឡាការ៉ាតេក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង និងក្រុមកីឡាការ៉ាតេខេត្តស្ទឹងត្រែងដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។

រីឯក្រុមកីឡាការ៉ាតេក្រសួងការពារជាតិដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង ក្រុមកីឡាការ៉ាតេខេត្តព្រះសីហនុដណ្តើមបានមេដាយប្រាក់ ២ គ្រឿង ក្រុមកីឡាការ៉ាតេខេត្តកណ្តាលដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងក្រុមកីឡាការ៉ាតេខេត្តសៀមរាបដណ្តើមបានមេដាយប្រាក់ ១ គ្រឿង៕
ដោយ៖ លី ភីលីព
