ភំ្នពេញ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទាកម្ពុជាដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿងនៅថ្ងៃបើកឆាកដំបូងនៃការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលរៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក។


ចំណែកក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទាវៀតណាមដណ្តើមមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទាឥណ្ឌូនេស៊ីដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទាថៃដណ្តើមមេដាយសំរិទ្ធ ១ គ្រឿង។


លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកទទួលបាននិយាយថា ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៤នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួម៧ ប្រទេស រួមមានកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន និងកីឡាករ-កីឡាការិនីចូលរួមមាន ៦២នាក់ ក្នុងនោះកីឡាករ ៣៤នាក់ កីឡាការិនី ២៨នាក់ និងប្រតិភូ គ្រូបង្វឹក គ្រូជំនួយចំនួន ៣០នាក់ នឹងមានវត្តមានមន្ត្រីគណៈកម្មការបច្ចេកទេសចំនួន ១០០នាក់ ចូលរួម ដឹកនាំ និងកាត់សេចក្តីក្នុងការប្រកួត ៕
ដោយ៖ លី ភីលីព
