ខេត្តកែប៖ ក្រុមកីឡាក្រសួងការពារជាតិដណ្តើមបានមេដាយមាស ៣ គ្រឿង ខណៈម្ចាស់ផ្ទះខេត្តកែបដណ្តើមបានមេដាយមាស ២ គ្រឿងនៃការប្រកួតកីឡាទ្រីយ៉ាត្លុងសម្រាប់ពឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅតំបន់ឆ្នេរសមុទ្រ ខេត្តកែប ការប្រកួតនេះរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។

ក្នុងឱកាសពិពីបិទ និងបំពាក់មេដាយជូនកីឡាករ-កីឡាការិនីកីឡាទ្រីយ៉ាត្លុងដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប លោកឧកញ៉ា គង់ ឬទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងប្រធាន អនុប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាទំាង ២៥ រាជធានីខេត្ត និងក្រសួង ៣ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នៅនៅខេត្តកែប។


លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បាននិយាយថា ការប្រកួតកីឡាទ្រីយ៉ាត្លុងសម្រាប់ពឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅតំបន់ឆ្នេរសមុទ្រ ខេត្តកែប ឆ្នាំនេះមាន២៥ រាជធានីខេត្ត និងក្រសួង ៣ គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ លើ ៥ វិញ្ញាសា។


លោកអគ្គលេខាធិការបានបន្តថា ក្រុមកីឡាក្រសួងការពារជាតិដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រុមកីឡាខេត្តកែបដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងក្រុមកីឡាក្រសួងមហាផ្ទៃដណ្តើមមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ។
ចំណែកក្រុមកីឡាខេត្តត្បូងឃ្មុំដណ្តើមបានមេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាខេត្តត្បូងឃ្មុំដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿង។
ដោយ៖ លី ភីលីព
