ភំ្នពេញ ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹក ពាក់ជើងទាកម្ពុជាដណ្តើមបានមេដាយមាស ប្រាក់ និងមេដាយសំរិទ្ធ ជាច្រើនគ្រឿងបន្ថែមទៀត ក្នុងការប្រកួតកីឡា ហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលរៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក។

គិតមក់ដល់ថ្ងៃទី៣ ខែវិច្ឆិកា ក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទាវៀតណាមដណ្តើមមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ៩ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង សរុបចំនួន ២០ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទាកម្ពុជាដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង។
ក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទាឥណ្ឌូនេស៊ីដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទាថៃដណ្តើមមេដាយសំរិទ្ធ ៥ គ្រឿង។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកទទួលបាននិយាយថា ការប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើង ឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៤នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួម៧ ប្រទេស រួមមានកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន និងកីឡាករ-កីឡាការិនីចូលរួមមាន ៦២នាក់ក្នុងនោះកីឡាករ ៣៤នាក់ កីឡាការិនី ២៨នាក់ និងប្រតិភូ គ្រូបង្វឹក គ្រូជំនួយចំនួន ៣០នាក់ នឹងមានវត្តមានមន្ត្រីគណៈកម្មការបច្ចេកទេសចំនួន ១០០នាក់ ចូលរួម ដឹកនាំ និងកាត់សេចក្តីក្នុងការប្រកួត ៕
ដោយ៖លី ភីលីព
