ភ្នំពេញ ៖ ការប្រកួតកីឡារាំ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាល CJCC រាជធានីភ្នំពេញ ក្រោយដំណើរការប្រកួតយ៉ាងសកម្ម រយៈពេល២ថ្ងៃ ក្រោមការរៀបចំ ដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយសហព័ន្ធកីឡារាំកម្ពុជា។

លោកជំទាវ តាន់ ម៉េងហួយ នាយព្រះរាជខុទ្ទកាល័យ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិបានសហការគ្នាយ៉ាងល្អ និងសម្រេចបាននូវលទ្ធផលវិស័យកីឡាគួរជាទីពេញចិត្ត និងបានបង្ហាញនូវមោទនៈភាពជាតិលើឆាកជាតិ និងអន្តរជាតិ ។

វិស័យកីឡាជាតិ ក៏ដូចជាកីឡារាំ មានការវិវឌ្ឍគួរជាទីសាទរ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសក្នុងស្រទាប់យុវជន ដោយសាររាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់បានរួមគ្នាធ្វើកំណែទម្រង់វិស័យកីឡាលើគ្រប់ទិដ្ឋភាពជោគជ័យ ទាំងនោះបានស្តែងឡើងតាមរយៈការទទួលមេដាយពីការប្រកួតលក្ខណៈជាតិ តំបន់ និងអន្តរជាតិ។

លោកជំទាវ តាន់ ម៉េងហួយ បានបន្តថា ការរៀបចំការប្រកួតកីឡារាំ ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៤នេះពិតជាបានបង្ហាញអំពីសុខសន្តិភាព និងការអភិវឌ្ឍលើវិស័យកីឡារបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាឱកាសមួយ ដែលផ្តល់ឲ្យកីឡាករ កីឡាការិនីរាំអាចសាកល្បងសមត្ថភាព មុនពេលចូលរួមប្រកួតអន្តរជាតិនានា និងត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games 2029) លើកទី៥ នាឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

លោកជំទាវ តាន់ ម៉េងហួយ សង្កត់ធ្ងន់ថា ការប្រកួតកីឡាជាតិ រៀងរាល់២ឆ្នាំម្តងនេះបានឆ្លុះបញ្ចាំងឱ្យ ឃើញនូវការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្លឹបនិងក្លឹប ដែលជាសមាជិកទាំងអស់របស់សហព័ន្ធកីឡារាំកម្ពុជា។ ជាងនេះទៀតវិស័យកីឡារាំនេះ ក៏ជាឱកាស សម្រាប់ ការ ផ្លាស់ប្តូរ ទាំង បច្ចេកទេសតិចនិច ទាំងបទ ពិសោធន៍ ក្នុងការប្រកួត កីឡា ដែល ជា មរតក វប្បធម៌ ។ការ ប្រកួត កីឡារាំ នេះ ក៏ជាកា រ បំផុសស្មារតី មហាជន ឱ្យកាន់តែ ស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើក កម្ពស់កិត្តិសព្ទ កីឡារបស់ប្រទេសកម្ពុជា ឱ្យកាន់តែល្បីល្បាញ នៅលើ ឆាក អន្តរជាតិ កម្ពុជាទៅដល់ទីណា គឺ មាន ទង់ជាតិកម្ពុជា បង្ហាញឲ្យអន្តរជាតិបានស្គាល់នៅទីនោះ។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានបង្ហាញលទ្ធផលថា ជាលទ្ធផលលើវិញ្ញាសាដាក់ឲ្យប្រកួតចំនួន៨ និងក្រសួងរាជធានីខេត្តចំនួន៥ រួមមាន៖ ក្រសួងមហាផ្ទៃ ឈរលេខ១ មេដាយសរុប១៣គ្រឿង ក្នុងនោះមេដាយមាស ៤ ប្រាក់៦ និងសំរឹទ្ធ៣, លេខ២ ក្រសួងការពារជាតិជាតិ មេដាយសរុប៧ ក្នុងនោះមេដាយមាស ៣ ប្រាក់១ និងសំរឹទ្ធ៣ ខណៈលេខ៣ ខេត្តកណ្តាល មេដាយមាស១ និងសំរឹទ្ធ១គ្រឿង៕
ដោយ៖លី ភីលីព
