ភ្នំពេញ៖ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រុមគណៈប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក កីឡាករកាយវប្បកម្មនៃសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាចំនួន ៣ នាក់ បានធ្វើដំណើរចេញពីប្រទេសកម្ពុជាឆ្នោះទៅចូលរួមព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ ឆ្នាំ២០២៤ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ។

លោក តឹក ប៊ុនវី ប្រធានដឹកនាំ និងជាចៅក្រមបានមានប្រសាសន៍ថា យោងលិខិតអញ្ជើញ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាកាយវប្បកម្មពិភពលោក (WBPF) និងលិខិតលេខ ០២៦/២០២៤ សកលក ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា។
សហព័ន្ធបានបញ្ជូនប្រតិភូ ចៅក្រម គ្រូបង្វឹក និងកីឡាករ ៣ នាក់ទៅចូលរួមប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ រួមមានរូបលោក ប្រធានដឹកនាំ និងជាចៅក្រម លោកស្រី អេមី សារីរ៉ឺម គ្រូបង្វឹក និងកីឡាករ យូ ឃាងហ៊ុយ ។

លោកស្រី អេមី សារីរ៉ឺម គ្រូបង្វឹក បានប្រាប់ឲ្យដឹងថា កីឡាករ ឃូ ឃាងហ៊ុយ ធ្លាប់បទទួលបានមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០២៣ និងម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី ៥៦ ឆ្នាំ២០២៤ “The 56th ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS” នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី។

លោកស្រីបានបន្តថា ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ លើកនេះ កីឡាករ ឃូ ឃាងហ៊ុយ ប្រកួតលើវិញ្ញាសា Men’s Sports Physique over 180cm +4Kg ហើយនេះជាការប្រកួតកម្រិតអន្តរជាតិបាន ៣លើកហើយ កាលឆ្នាំ២០២៣ ដណណ្តើមបានមេដាយសំរឹទ្ធ កម្រិតពិភពលោក និងលើកទី២ ម្ចាស់មេដាយមាសកម្រិតអាស៊ី ឆ្នាំ២០២៤នេះ។

កីឡាករ ឃូ ឃាងហ៊ុយ បាននិយាយថា មុនការប្រកួតបានធ្វើហ្វឹកហាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃ បន្ទាប់ពីបញ្ចប់ការប្រកួតជើងឯកពិភពលោក ហើយលោកមានក្តីសង្ឃឹមថា នឹងអាចទទួលបានលទ្ធផលល្អជាកជាមិនខាន់ឡើយ។ ការចូលរួមប្រកួតលើកនេះ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ជាអ្នកទទួលរ៉ាប់រងលើថ្លៃធ្វើ ដំណើរ ហូបចុក ស្នាក់នៅ និងទិដ្ឋាការក្នុងអំឡុងពេលប្រកួតទំាងអស់៕
ដោយ៖ លី ភីលីព
