ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៤ នៃប្រភេទកីឡាកាយសម្ព័ន្ធ ឆ្នាំ២០២៤ ជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេសទេព កោសល្យ ដែលកីឡាករ-កីឡាការិនីម្នាក់ៗបានប្រឹងប្រែងហាត់ហ្វឹកហ្វឺនកន្លងមក ហើយលទ្ធផលរបស់កីឡាករ-កីឡាការិនីទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់ស្តាប់ការពន្យល់ ការបង្ហាត់បង្រៀនរបស់គ្រូបង្វឹក។
លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានលើកឡើងក្នុងពិធី “បិទ” ការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ប្រភេទកីឡាកាយសម្ព័ន្ធនាថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នៅសាលហ្វឹកហាត់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមខ្លួនខ្ញុំ ទទួលបន្ទុកបេសកកម្មពិសេស ជំរុញ និងអភិវឌ្ឍចលនាកីឡា និងក្នុងនាមសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រតិភូ មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ-កីឡាការិនីបានចូលរួមក្នុងការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ នេះ ដោយគោរពបានតាមការណែនាំរបស់គណៈកម្មាធិការ រៀបចំកីឡាជាតិលើកទី៤ រួមមានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តតាមបទ បញ្ជាបច្ចេកទេសក្រមសីលធម៌កីឡា និងស្មារតី Fair Play ក្នុងការប្រកួត ទើបធ្វើឲ្យការប្រកួតនេះប្រព្រឹត្តទៅដោយរលូន តាំងពីដើមរហូតចប់កម្មវិធី ។


លោកប្រធានសហព័ន្ធបន្ថែមទៀតថា ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ ដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មន្ត្រី បច្ចេកទេសគ្រប់រូប ដែលបានខិតខំអភិវឌ្ឍន៍ ប្រភេទកីឡានេះ រហូតជ្រើសរើសបានកីឡាករ កីឡាការិនីឆ្នើមមានសមត្ថ ភាពល្អៗ ដើម្បីឆ្ពោះទៅរកឧត្តមភាព និងមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ ឆ្នាំ២០២៤ ជូនជាតិមាតុភូមិជាមិនខាន។


ខ្ញុំសូមឲ្យសហព័ន្ធកាយសម្ព័ន្ធកម្ពុជា ខិតខំដកស្រង់ បទពិសោធន៍បច្ចេកទេស ពី ការប្រកួតអន្តរជាតិ និងបង្កើនសមត្ថភាពដល់ចៅក្រម គ្រូបង្វឹក គ្រូជំនួយ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ ទាំងនេះ មកបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីយើងឲ្យមានសមត្ថភាពកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកមេដាយមាស ជូនជាតិ មាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នឹងធ្វើឡើងនៅប្រទេសថៃនាពេលខាងមុខនេះ និងសូមឲ្យសហព័ន្ធខិតខំបំផុសមហាជនឲ្យស្រឡាញ់ ចូលចិត្តហាត់ហ្វឹកហ្វឺនកីឡាកាយសម្ព័ន្ធ បន្ថែមទៀតនៅគ្រប់រាជធានីខេត្ត៕

ដោយ៖ លី ភីលីព
